ប្រជាពលរដ្ឋបង្ហាញអារម្មណ៍សប្បាយរីករាយចំពោះជំនួយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋជួបការលំបាក

វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី 06,04,2020 ៖

ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍រីករាយ ចំពោះជំនួយមនុស្សធម៌របស់អ្នកមានធនធានចែកជូនអ្នកក្រីក្រ ដែលនេះជាអំពើមនុស្សធម៌ដ៏ប្រពៃ ដែលបង្ហាញពីការចេះជួយចែករំលែកគ្នាក្នុងគ្រាលំបាក បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍………………………..
កញ្ញា តារាវឌី ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បាននិយាយប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ដោយមានការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការណ៍មួយចំនួន ដែលធ្វើមានការប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ ពិសេស គ្រួសារក្រីក្រដែលចំណូលតិច មិនអាចទប់ទល់បានក្នុងស្ថានភាពអាសន្នបែបនេះបាន ។
ក្នុងស្ថានភាពនេះ កញ្ញា មើលឃើញថា កាលពីពេលថ្មីៗនេះ មានសប្បុរសជនជាច្រើនបានចូលរួមជាថវិកា និងសំភារៈប្រើប្រាស់ចាំបាច់មួយចំនួន ថ្វីត្បិតតែអំណោយទាំងនេះ វាមានលក្ខណៈតិច ក្ដី ច្រើនក្តី តែនេះគឺជាស្មារតីយកចិត្តទុកដាក់ ស្រលាញ់ និងយល់អំពីទុកធុរៈគ្នាទៅវិញទៅមក ដែលទាំងនេះបានជួយសម្រួល និង សម្រាលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ នៅមូលដ្ឋានបានមួយកម្រិតផងដែរ។
សំឡេង ៖ សម្រាប់ខ្ញុំនៅពេលដែលឃើញមានការចូលរួមចំណែកមិនថារាជរដ្ឋាភិបាល ឬក៏សប្បុរសជន ដែលគាត់បានផ្ដល់ជាសម្ភារៈបរិក្ខារ ឬសម្ភារៈផ្សេងទៅដល់គ្រួសារដែលក្រីក្រ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលយើងមានសីលធម៌នៅក្នុងការចែករំលែកទៅដល់អ្នកក្រីក្រ មិនថាតិចឬក៏ច្រើនទៅតាមសមត្ថភាពរបស់យើងម្នាក់ៗហើយការធ្វើបែបនេះ គឺវាបានបង្ហាញឲ្យឃើញថា យើងចេះជួយគ្នាទៅវិញទៅមកនៅក្នុងគ្រា ដែលសម្រាប់អ្នកដែលគាត់មានទុក្ខលំបាក មិនថាអ្នកដែលជួបបញ្ហាដូចជាអគ្គីភ័យ ទឹកជំនន់ ឬក៏បញ្ហាគ្រោះរាំងស្ងួត ឬបញ្ហាផ្សេងទៀត ដែលពួកគាត់បានជួបការលំបាកហើយ ។ ណាមួយបើយើងគិតទៅស្ថានភាពនៅពេលបច្ចុប្បន្ននេះ យើងជួបនូវបញ្ហាកូវីដ19 ព្រោះបច្ចុប្បន្នយើងបានឃើញហើយសេដ្ឋកិច្ចធ្លាក់ចុះ មិនថាអ្នកមានឬអ្នកក្រទេ គឺសេដ្ឋកិច្ចចុះទាំងអស់ អញ្ចឹងបើសិនជាអ្នកក្របើសិនរាល់ថ្ងៃរកសំរាប់តែមួយថ្ងៃៗ អញ្ចឹងបើសិនជាសេដ្ឋកិច្ចធ្លាក់ចុះទៀត អញ្ចឹងមានន័យថាគាត់ស្ទើរតែរកអីញាំុអត់បានទេ ហើយយើងឃើញហើយបងប្អូនកម្មករ កម្មការិនី គាត់បានអត់មានការងារធ្វើទេ អញ្ចឹងមានន័យថាគាត់បាត់បង់ចំណូល សេដ្ឋកិច្ចគាត់ក៏កាន់តែធ្លាក់ចុះ អញ្ចឹងខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលយើងបានចូលរួមចំណែកតិចឬច្រើន ដើម្បីឲ្យគាត់អាចមានរបស់ហូបចុក របស់ប្រើប្រាស់ តាមតម្រូវការជាក់ស្ដែងប្រចាំថ្ងៃរបស់គាត់ ។
ចំណែកលោកតា សុង ប្រជាពលរដ្ឋរស់នៅឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលទើបតែទទួលបានអំណោយពីឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវ បានសំដែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលទទួលបានអំណោយ ស្របពីដែលគ្រួសាររបស់គាត់កំពុងជួបការខ្វះខាត បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩នេះ ។
សំឡេង ៖ បាទខ្ញុំសូមអរគុណដល់កូនក្មួយកូនចៅ ដែលបានចែកអំណោយនេះ ខ្ញុំនឹកឃើញរំភើបឥតឧបមា ដែលទទួលបានអំណោយទាំងនេះ មានអង្ករ មានត្រីខនិងបច្ច័យទាំងអស់ហ្នឹងមកជូនខ្ញុំជាចាស់ទុំនេះ សូមឱ្យកូនក្មួយកូនចៅទាំងអស់ បានសុខបានចម្រើនមានជ័យមានជោគ អនាគតទៅជួបតែពុទ្ធពរព្រះសង្ឃ ហើយម្យ៉ាងទៀតឱ្យជួបតែសម្បត្តិទាំងបី សម្បត្តិមនុស្ស សម្បត្តិទេវតា សម្បត្តិអស្ចារ្យ គឺសម្បត្តិព្រះនិព្វានសូមអនុមោទនាដល់កូនចៅទាំងអស់គ្នា ។
គួរបញ្ជាក់ថា អំណោយដែលបានយកទៅចែកជូនគ្រួសារក្រីក្រទាំង៣៦ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២០គីឡូក្រាម ត្រីខ ២០កំប៉ុង ។ វត្តសុគន្ធារាមហៅ(វត្តពង្រ) ប្រគេន អង្ករ២ប៉ាវ ត្រីងៀត សៀង ឆៃពៅ អាល់កុលបាញ់សំលាប់មេរោគ២០ដប និងថវិកា ១លាន៤០ម៉ឺនរៀល ប្រជាការពារ ទទួលបានឯកសណ្ធានចំនួន៤១កំផ្លេរ ម៉ាស់១ប្រអប់ ថវិកាម្នាក់ៗ១ម៉ឺនរៀល និងក្រុមការងារឃុំពង្រ ទទួលបាន ម៉ាស់១ប្រអប់ អាល់កុល១កាន (៣០លីត) ៕