មន្រ្តីអាជ្ញាធរជាតិអប្សរា បានអោយដឹងថា ផ្លូវកង់ប្រាសាទអង្គរវត្តស្ថាបនាបានជិត៦០ភាគរយៈហើយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា 0៦.០៤.២០២០៖

មន្រ្តីអាជ្ញាធរជាតិអប្សរា បានអោយដឹងថាផ្លូវកង់ប្រាសាទអង្គរវត្ត ស្ថាបនាបានជិត ៦០ភាគរយៈហើយ ខណៈផ្លូវនេះ ជាសមិទ្ទផលថ្មីសំរាប់ភ្ញៀវទេសចរជិះកង់កំសាន្ត និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ សិស្សានុសិស្សធ្វើដំណើរ ពិសេសលើកកម្ពស់សោភ័ណ្ឌភាពរមណីដ្ឋានអង្គរ ។

លោក ឡុង កុសល អ្នកនាំពាក្យនិងជាប្រធាននាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ឲ្យដឹងថា ការស្ថាបនាផ្លូវកង់នេះ អាជ្ញាធរជាតិអប្សរាបានគិតគូរជាចម្បង លើការអភិរក្សបុរាណដ្ឋាន ដោយគ្មានការជីកកាយដីជ្រៅ និងប្រើជើងតាងអំពីបេតុង ត្រង់កន្លែងមានស្ពានឡើយ ដោយគិតដល់បរិស្ថាន និងទេសភាពវប្បធម៌ ពិសេសបញ្ចៀសផលប៉ះពាល់ដល់ព្រៃឈើដែលមានស្រាប់ ។ លោកបន្តថា លើសពីនេះ អាជ្ញាធរជាតិអប្សរា បានគិតដល់សុវត្ថិភាពត្រង់ចំណុចឆ្លងកាត់ ឬផ្លូវបំបែក គឺបានរៀបជារបាំងនៅផ្លូវបំបែក និងដាក់ស្លាកសញ្ញាហាមឃាត់ម៉ូតូឆ្លងកាត់ ។ លោកបន្តទៀតថា មកដល់ពេលនេះអាជ្ញាធរជាតិអប្សរា កំពុងតែពន្លឿននៅការសាងសងផ្លូវកង់នេះ ដោយបានចាក់ដីនិងឈូសឆាយដីសំរេចបាន ជិត៦០% ហើយ ដើម្បីធ្វើយ៉ាងណាសម្រួលចរាចរណ៍ដល់ទេសចរជិះកង់ ជាពិសេសកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវធំផងដែរ ។
ក្នុងពេលបច្ចុប្បន្ននេះ យើងបានធ្វើការកសាង ចាក់ដី ឈូសឆាយជាទំរង់ គឺថាបាន៦០% ដូចនេះកិច្ចការងារយើងនៅក្នុងពេលបច្ចុប្បន្ត គឺកំពុងតែសម្រុក ក្នុងការបង្ហាប់ដី គឺធ្វើយ៉ាងណា គឺថាផ្ទៃខាងលើនៃផ្លូវកង់នឹង អោយមានសុវត្តិភាពល្អប្រសើរក្នុងការជិះ ជាក់ស្ដែងយើងខ្ញុំនៅទីនោះផ្ទាល់ ដោយមានឯកឧត្ដមអគ្គនាយក និងសហការីមួយចំនួនទៀតបានធ្វើការចុះត្រួតពិនិត្យ ជារៀងរាលចុងសប្តាហ៍ ដោយជិះកង់មើលផ្ទាល់តែម្ដង អញ្ចឹងក្នុងពេលនេះខ្ញុំសីមជំរាបថា យើងបានជិះមួយចំនួនហើយ ក៍ប៉ុន្តែពុំទាន់បានដល់២៣គីឡូម៉ែត្រក្រឡាទេ ជាទូទៅយើងអាចនិយាយបានថាជិត៦០% ។
លោកបន្ថែមថា ផ្លូវ នេះមានភាពបត់បែនតាមធម្មជាតិ និងបត់បែនតាមដើមឈើតូចធំ ចាប់ពីចំណុចផ្លូវលំក្បែរកន្លែងត្រួតពិនិត្យសំបុត្រចាស់លើផ្លូវហ្សាលដឺហ្គោល កាត់តាមក្រោយអង្គរវត្ត កាត់តាមប្រាសាទក្រវ៉ាត់ ឆ្ពោះទៅខាងកើតប្រាសាទបន្ទាយក្ដី កាត់តាមប្រាសាទតាព្រហ្ម រហូតដល់ស្ពានប្រាសាទតាកែវ ចំណែកផ្លូវវង់ធំ ផ្លូវកង់នេះផ្តើមពីស្រះស្រង់ កាត់តាមប្រាសាទប្រែរូប រហូតដល់ខ្លោងទ្វារដីឆ្នាំង ដោយភាគច្រើនគឺយើងបង្កើតជាផ្លូវនៅក្នុងព្រៃ ។
សូមបញ្ជាក់ថា ផ្លូវកង់នេះគឺមិនអនុញ្ញាតអោយឡាន ឬម៉ូតូ ឆ្លងកាត់បានឡើយ ផ្លូវនេះមានប្រវែងសរុប ២៣,២គីឡូម៉ែត្រ គឺនៅជុំវិញតំបន់អង្គរជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រដោយអាចធ្វើដំណើរបញ្ជ្រាស់គ្នាបាន និងមានចង្អូររំដោះទឹកសងខាង ។