សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូន និងកូន ក្មួយពលករ ដែលយល់ដឹងពីការទប់​ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្ដែង​នូវការអរគុណបងប្អូន និងកូន ក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា សូមអរគុណបងប្អូន និងកូន ក្មួយពលករ ដែល​ទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់​នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយបានដាក់ខ្លួននិងក្រុមគ្រួសារឱ្យនៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ក្នុងពេលដែលរង់ចាំលទ្ធផលនៃការពិនិត្យសុខភាព។ សម្ដេចតេជោបានថ្លែងថា ការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកជាបណ្តោះអាសន្នមួយរយៈនេះ គឺដើម្បីសុខភាពផ្ទាល់ខ្លួន​ផង និងដើម្បីទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃការឆ្លងមេរោគពីគេមកយើងផង និងពីយើងទៅគេផង។ សម្ដេចតេជោក៏សូមឱ្យបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យក្នុងករណីមានការសង្ស័យណាមួយ សូមខលលេខ ១១៥៕

ដោយ ជឹម ណារី