សម្ដេចតេជោ ហ៊ុន សែន អរគុណសប្បុរសជន និងមន្ត្រីរាជការ ដែលបានបរិច្ចាគថវិកា និងប្រាក់បៀវត្សរ៍ ចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរ​គុណចំពោះសប្បុរសជន និងមន្ត្រីរាជការ ដែលបានបរិច្ចាគថវិកា  និងប្រាក់បៀវត្សរ៍ ចូលរួម​ក្នុង​ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

នៅលើផេកផ្លូវការសម្ដេចតេជោ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២០ បានសរសេរថា តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការរៃអង្គាស​មូលនិធិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ បើយោងតាមការបញ្ជាក់របស់សម្តេចតេជោ កាលពីថ្ងៃទី០៤ ខែមេសា កន្លងទៅនេះ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បាន​ទទួលថវិកាប្រមាណជាង១០លានដុល្លារហើយ ដែលបានមកពីសប្បុរសជនចូលរួម​បរិច្ចាគ​ផង និងបូករួមទាំងថវិកាបៀវត្សរ៍ដែលចូលរួមដោយមន្រ្តីរាជការយើងផង។ សម្តេច​តេជោបានបញ្ជាក់ថា “យើងត្រៀមថវិកានេះសម្រាប់យកទៅជួយប្រជាពលរដ្ឋក្នុងស្ថាន​ការណ៍​ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចជាទិញម៉ាស់ និងសម្ភារ បរិក្ខាររបស់​គ្រូពេទ្យ ទិញអាល់កុល និងត្រៀមបម្រុងសម្រាប់ជួយប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង និងចាំ​បាច់​បន្ទាន់“។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “កម្ពុជា​ពេលនេះ គឺកំពុងបញ្ចេញកម្លាំងខិត​ខំ​ធ្វើការងារ ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ​យើង។ កុំទុកឱ្យប្រជាពលរដ្ឋណាម្នាក់​ស្លាប់ដោយយើងមិនបានដឹងហើយមិនបានដោះ​ស្រាយ។ មិនមែនគ្រាន់តែបញ្ហាកូវីដ-១៩ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើលប្រជាពលរដ្ឋយើង​ដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារ​ឱ្យពួក​គាត់បានជាបន្ទាន់ឆាប់បំផុត។ កុំឱ្យពួក​គាត់ខ្វះស្បៀងអាហារឱ្យសោះ ក្នុងពេលដែល​សភាពការណ៍មានការប្រែប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗដែល​មាន​ក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវ​ធន​ធានទាំងអស់ដែលមានក្នុងប្រទេស​របស់​យើង សម្រាប់ជួយនឹងបម្រើប្រជាពលរដ្ឋរបស់​យើងឱ្យបានទាន់ពេល។” សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់សប្បុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានចែករំលែកបរិច្ចាគប្រាក់ខែផ្ទាល់​ខ្លួនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ សម្ដេចតេជោក៏សូមជូនពរបងប្អូនទាំងអស់ជួបតែសំណាងល្អគ្រប់ៗគ្នា៕

ដោយ ជឹម ណារី