មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្រសួងកំណត់យកវិស័យភាពយន្តក្នុងការទាក់ទាញភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៦ ០៤ ២០២០ ៖

មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា ក្រសួងកំណត់យកវិស័យភាពយន្តក្នុងការទាក់ទាញភ្ញៀវទេសចរ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្ដរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ឡុង ប៊ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ក្រសួងបានបន្តយុទ្ធនាការរបស់ខ្លួនក្នុងការទាក់ទាញភ្ញៀវទេសចរ តាមរយៈការលើកស្ទួយឲ្យមានការថតខ្សែភាពយន្ត ជាតិនិងអន្តរជាតិ។លោក បញ្ជាក់ថា វិស័យភាពយន្ត វាជាបច្ចេកវិទ្យាមួយ ងាយស្រួលក្នុងការផ្សព្វផ្សាយឲ្យមនុស្សជុំវិញពិភពលោក បានឃើញពីទិដ្ឋភាពស្រស់ ស្អាត របស់កម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យបរទេសមានការចាប់អារម្មណ៍និងចង់មកលេងកម្សាន្ត ។
« នៅក្នុងវេទិការនានា ពាក់ព័ន្ធនិងការទាក់ទាញភ្ញៀវទេសចរគឺមានសក្តានុលធំណាស់គឺយើងថតទៅទេសភាព ភាពយន្តយើងចេញទៅក្រៅ គេអានគេមើលគេឃើញទិដ្ឋភាព អញ្ចឹងនៅក្នុងគោលនយោបាយវិស័យវប្បធម៌នេះជាពិសេសយុទ្ធសាស្ត្រតែម្តង យើងបានជំរុញឲ្យកម្ពុជាខ្លាចទៅជាដែនដីនៃការថតភាពយន្តបរទេស ។ កម្ពុជាយើងឃើញហើយភាពយន្តស្នាដៃធំៗកន្លងមកគឺ វិស័យ ភាពយន្តនិងគឺទាក់ទាញភ្ញៀវទេសចរច្រើន ហើយក៏ជាសក្តានុពលនៅក្នុងពិពិតកម្មសេដ្ឋកិច្ចដែរ គឺជំរុញបង្កើនការងារប្រជាជនយើងផងហើយទាក់ទាញឲ្យភ្ញៀវទេចរលោកបានមក បានយល់បានស្គាល់ពីតម្លៃវប្បធម៌អញ្ចឹងយើងមានយុទ្ធសាស្ត្រជាក់លាក់មួយដែរ គឺជំរុញឲ្យកម្ពុជាខ្លាចទៅជាដែនដីនៃការថតភាពយន្ត បរទេស ភាពយន្តជាតិជាដើម »។
ឯកឧត្តម ឡុង ប៊ុណ្ណាស៊ីរីវត្ថ បានបញ្ជាក់ថា ភាពយន្តក្នុងស្រុកដែលផលិតសម្រាប់ចាក់បញ្ចាំងតាមរោងភាពយន្ត មានចំនួន២៩រឿង, ភាពយន្តបរទេសដែលមកថតនៅប្រទេសកម្ពុជាមានចំនួន ៣៦ចំណងជើង និង ភាពយន្តខារ៉ាអូខេខ្មែរ មានចំនួន ១៨លេខ។
សូមបញ្ជាក់ថា ចំណូលដែលទទួលបានពីការផ្តល់សេវាកម្មភាពយន្ត-វីដេអូ ផ្ដល់និងបន្តអាជ្ញាប័ណ្ឌអាជីវកម្ម ការចុះបញ្ជីការអនុញ្ញាតច្បាប់ថត និងការផ្តល់ទិដ្ឋាការជាដើម បានចំនួនសរុប ៦៦៥.១៩១.០០០(ប្រាំមួយរយហុកសិបប្រាំលាន មួយរយកៅសិបមួយពាន់) រៀល សម្រាប់បង់ចូលថវិការដ្ឋ ៕