ក្រសួងវប្បធម៌សុំចិត្តប្រជាពលរដ្ឋកុំប្រមូលផ្តុំគ្នាដើម្បីភាពសប្បាយក្នុងអំឡុងពេលចូលឆ្នាំ

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ០៦ ០៤ ២០២០៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំ ប្រជាពលរដ្ឋកុំប្រមូលផ្តុំគ្នាដើម្បីភាពសប្បាយក្នុងអំឡុងពេលចូលឆ្នាំ សំដៅចៀសផុតការចម្លងមេរោគកូវីដ១៩ដែលកំពុងតែរីករាលដាលទូទាំងសកលលោក។
ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ប្រជាពលរដ្ឋ មិនគួរជួបជុំប្រមូលផ្តុំគ្នា ច្រៀងរាំ ប្រគំតន្រ្តី ឬរៀបចំសង្រ្កាន្តនៅទីសាធារណៈ និងតាមរមណីយដ្ឋាននោះទេ ដើម្បីរួមគ្នាប្រឆាំងការរីករាលដាលមេរោគកូវីដ១៩ចូលក្នុងសហគមន៍។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម បានបញ្ជាក់ថា ពិធីចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ មិនអាចរៀបចំពិធីច្រៀងរាំ ប្រគំតន្រ្តី ឬរៀបចំសង្រ្កាន្តដូចបណ្តាឆ្នាំបាននោះទេ ដោយសារឆ្នាំនេះ កម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបបញ្ហានៃរីករាលដាលជំងឺផ្លូវដង្ហើមថ្មី(កូវីដ១៩)។
សូមបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាប្រធាន នៅព្រឹក​ថ្ងៃ​ទី​៦​ ​ខែ​មេសានេះ ក៏បានប្រជុំរៀបចំផែនការត្រៀមទប់ស្កាត់ចំពោះបញ្ហាប្រឈមនានានៃការរីករាលដាលជំងឺ​កូវីដ​-១៩​ នៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួម ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​ ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលទាំង២៥រាជធានីខេត្ត។
កិច្ចប្រជុំនេះ បានបន្តការណែនាំពីការធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមរយៈលាងដៃនឹងសាប៊ូ ឬអាកុល រក្សាគំលាតឲ្យបានសមស្រប ពាក់ម៉ាស ជាពិសេសជៀសវាងការប្រមូលផ្តុំគ្នាមានមនុស្សច្រើន ដើម្បីបង្ការទប់ស្កាត់ដាច់ខាតមិនឲ្យជំងឺនេះឆ្លងរីករាលដាលនៅក្នុងសហគមន៍ បើទោះបីប្រទេសកម្ពុជាមិនទាន់មានសភាពធ្ងន់ធ្ងរដូចបណ្តាប្រទេសលើសកលលោក ហើយមានអ្នកជាសះស្បើយខ្លះហើយយ៉ាងក្តី ក៏ទាមទារនូវការប្រុងប្រយ័ត្នជានិច្ច៕