ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តពង្រឹងធនធានមនុស្សផ្នែកវប្បធម៌ ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០៖

 ក្រសួងវប្បធម៌ នឹងបន្តពង្រឹងធនធានមនុស្សផ្នែកវប្បធម៌ ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ អោយមានរីកចំរើនបន្ថែមទៀត ក្នុងន័យអោយពិភពលោកបានស្គាល់អំពីវប្បធម៌ កម្ពុជាយើងកាន់តែច្បាស់ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ក្នុងសន្និសីទសារព័ត៌មានស្តីពី « វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ » នៅព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ នាទីស្តីការគណ:រដ្ឋមន្រ្តី ឯកឧត្តម ឡុង ប៊ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា បច្ចុប្បន្នពិភពលោក កំពុងតែបន្តឈានទៅមុខយ៉ាងជឿនលឿនឆាប់រហ័សលើការអភិវឌ្ឍវប្បធម៌ជាតិនេះ ហើយពួកគេក៏កំពុងខិតខំប្រឹងប្រែងស្រាវជ្រាវបន្តទៀតលើផ្នែកវប្បធម៌ ដើម្បីជាផលប្រយោជន៍លើការលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ អោយមានការរីកចំរើនទៅមុខជាបន្តបន្ទាប់ ។
ក្នុងន័យនេះ ឯកឧត្តម បានបញ្ជាក់ថា សំរាប់ក្រសួងវប្បធម៌ ក៏បានត្រៀមខ្លួនបន្ថែមទៀត ក្នុងការរៀបចំការសិក្សាអោយបានច្រើន និងបានជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធ្វើការពង្រឹងការយល់ដឹងផ្នែកវប្បធម៌អោយមានប្រសិទ្ធភាពខ្ពស់ ។
<< ដើម្បីជំរុញដល់ការអភិរក្សលើកស្ទួយ និងអភិវឌ្ឍ យើងត្រូវការធនធានមនុស្ស អញ្ចឹងនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈនេះ ក្រោមសមត្ថកិច្ចរបស់ក្រសួង យើងមានសាលាមធ្យមវិចិត្រសិល្បៈដែលបណ្ដុះបណ្ដាល សិស្សជំនាញខាងរបាំ ខាងចម្លាក់ ហើយរបាំក៏មានរបាំរបៀបសម័យ របៀបប្រពៃណី របាំចំរៀងជាដើម ហើយយើងក៏បានបណ្ដុះបណ្ដាល វិស្ស័យចម្លាក់ ចម្លាក់ស្បែក ចម្លាក់ស្ពាន់គំនូរ សូនឆ្នាំង ដែលមានសាលាមធ្យមនៅផ្លូវ ឯកឧត្តមម៉ុងរិទ្ធី យើងមានសាលាមធ្យម វិចិត្រ សិល្បៈ ដើម្បីបណ្ដុះបណ្ដាល ធនធានមនុស្សកម្រិតមធ្យម ហើយគំរិតឧត្តម ។ ធនធានទាំងអស់ដែលយើងស្រូបដែលយើងប្រើប្រាស់ជាធនធានជំនាញផ្នែកវប្បធម៌ដើម្បីទ្រទ្រង់កិច្ចការអភិរក្សលើកស្ទួយនិងអភិវឌ្ឍ >> ។
ឯកឧត្តម បានបន្ថែមថា ការបង្កើនសមត្ថភាពធនធានមនុស្សនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏មានសាលាបណ្តុះបណ្តាលផងដែរ ដូចជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ ដើម្បីឲ្យសិស្សនិស្សិតដែលមាននិស្ស័យផ្នែកសិល្បៈអាចសិក្សារៀនសូត្របាន។
សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មាន៥មហាវិទ្យាល័យធំៗគឺ មហាវិទ្យាល័យស្ថាបត្យកម្ម មហាវិទ្យាល័យសិល្បៈសូនរូបនិងតុបតែង មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យយុទ្ធសាស្ត្រ និងមហាវិទ្យាល័យតូរ្យតន្ត្រី ៕