រុស្ស៊ីបញ្ជូនប្រព័ន្ធធ្វើតេស្តរកមេរោគកូរ៉ូណាវីរុសចំនួន ១០.០០០  ដោយឥតគិតថ្លៃទៅកាន់ប្រទេសបេឡារុស្ស

AKP ភ្នំពេញ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២០ — ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបេឡារុស្សបានរាយការណ៍ថា ប្រព័ន្ធធ្វើតេស្តរកមេរោគឆ្លងកូរ៉ូណាវីរុស​របស់រុស្ស៊ីចំនួន ១០.០០០ ត្រូវបានដឹកយកទៅកាន់ប្រទេសបេឡារុស្សដោយឥតគិតថ្លៃ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសបេឡារុស្ស លោក Dmitry Mezentsev បាននិយាយថា «នេះ គឺជាវគ្គមួយបន្ថែមទៀត។ យើងក្នុងនាមជាបងប្អូនគ្នាត្រូវជួយគាំទ្រគ្នាទៅវិញទៅមកនៅពេលមានបញ្ហាមកដល់ផ្ទះរបស់យើង នឹងសម្លឹងមើលទៅអនាគត​ជាមួយ​គ្នា»។

យោងតាមឯកអគ្គរដ្ឋទូតរូបនេះបានឲ្យដឹងថា ការបញ្ជូនប្រព័ន្ធធ្វើតេស្តនេះទៅឲ្យប្រទេសបេឡារុស្ស គឺជាការបញ្ជាក់អំពីទំនាក់​ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា ភាគីនានាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ដល់គ្នា​ទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាវីរុសនេះ។

ទន្ទឹមនឹងនេះដែរ លោកស្រី Natalia Zhukova អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគ្រូពេទ្យអនាម័យនៃប្រទេស​បេឡារុស្ស​បានកត់សម្គាល់ថា អ្នកឯកទេសបេឡារុស្សបានទាក់ទងជាមួយសមភាគីរុស្ស៊ីរបស់ពួកគេនៅពេលដែលមានជំងឺរាតត្បាតនេះ​កើតឡើង។ លោកស្រីបានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ីដែលបានជួយគាំទ្រ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)