ទីក្រុងសេអ៊ូលបន្តការនៅឲ្យឆ្ងាយពីសង្គមរយៈពេល ២សប្តាហ៍ទៀត  ចំពេលដែលការរាតត្បាត​របស់មេរោគកូរ៉ូណាវីរុសនៅតែបន្ត  

AKP ភ្នំពេញ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២០ — កាលពីថ្ងៃសៅរ៍ ប្រទេសកូរ៉េខាងត្បូងបានសម្រេចបន្តយុទ្ធនាការឃ្លាតឆ្ងាយពីសង្គមរបស់ខ្លួន​រយៈពេល ២ សប្តាហ៍ទៀត ចំពេលមានការថយចុះករណីឆ្លងមេរោគកូរ៉ូណាវីរុស ប៉ុន្តែការរាលដាលនៅតែមានបន្ត។

ការសម្រេចចិត្តនេះបានកើតឡើងនៅក្នុងកិច្ចប្រជុំមួយដែលដឹកនាំដោយនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Chung Sye-kyun ដែលបានទទូចថា ប្រទេសនេះគ្មានជម្រើសអ្វីក្រៅពីរក្សានូវការឃ្លាតឆ្ងាយពីសង្គមក្នុងកម្រិតខ្ពស់បំផុតសម្រាប់ «មួយរយៈ» នេះ។

លោកនាយករដ្ឋមន្រ្តីរូបនេះបាននិយាយនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីក្រុងសេអ៊ូលថា «យើងគ្មានជម្រើសអ្វីក្រៅពីការបន្ត​ដំណើរការ ការនៅឃ្លាតឆ្ងាយពីសង្គមមួយរយៈទៀតនាពេលអនាគត»។ ប្រជាជនទាំងអស់ត្រូវបានគេណែនាំឲ្យរក្សាចម្ងាយយ៉ាងហោចណាស់ ២ម៉ែត្រពីគ្នាទៅវិញទៅមក ចាប់តាំងពីប្រទេសកូរ៉េ​ខាងត្បូងបានរាយការណ៍អំពីករណីដំបូងនៃជំងឺ COVID-19 កាលពីថ្ងៃទី ២០ ខែមករា កន្លងមក។

រដ្ឋាភិបាលបានបង្កើនកម្លាំងជំរុញកាលពី ២សប្តាហ៍មុន ដោយបង្ខំឲ្យគ្រប់មធ្យោបាយសាធារណៈទាំងអស់ រួមមានសាលារៀន និងកន្លែងហាត់ប្រាណឯកជនត្រូវបិទទ្វារយ៉ាងហោចណាស់រហូតដល់ថ្ងៃអាទិត្យនេះ ដើម្បីជួយការពារការឆ្លងជាក្រុមនៃមេរោគនេះ។

ក្រោមការជំរុញរបស់រដ្ឋាភិបាលជាថ្មីនេះ ប្រជាជននឹងត្រូវបានណែនាំឲ្យចៀសវាងការជួបជុំសាធារណៈ រួមទាំងសេវាកម្ម​ព្រះវិហារផងដែរ រហូតដល់យ៉ាងហោចណាស់ថ្ងៃទី ១៩ ខែមេសា។ នាយករដ្ឋមន្រ្តី Chung បាននិយាយថា «ប្រទេសនេះបានរក្សាការឃ្លាតឆ្ងាយពីសង្គមចាប់តាំងពីមានករណីជំងឺ COVID-19 ដំបូង ហើយជាលទ្ធផលនៃការជំរុញឲ្យប្រ​សើរឡើងពី ពីរសប្តាហ៍មុននោះ គឺមានគោលបំណងធ្វើឲ្យសិស្សានុសិស្សអាចវិលត្រឡប់ទៅ​សាលារៀនវិញ ឥឡូវប្រទេសនេះមានបរិស្ថានសុវត្ថិភាពនៃការឆ្លងមេរោគនេះប្រសើរជាងសហរដ្ឋអាមេរិក ឬបណ្តាប្រទេសនៅអឺរ៉ុប»។ រដ្ឋាភិបាលបានទទូចថា ប្រសិទ្ធភាពនៃការឃ្លាតឆ្ងាយពីសង្គមក្នុងការការពារការឆ្លង «ត្រូវបានបញ្ជាក់យ៉ាងច្បាស់»៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)