ជំងឺ COVID-19 បង្ខំឲ្យអ្នកធ្វើការរាប់លាននាក់នៅអាស៊ីអាគ្នេយ៍បាត់បង់ការងារ

AKP ភ្នំពេញ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២០ — យោងតាមរបាយការណ៍របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ​សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បានឲ្យដឹងថា កម្មកររាប់លាននាក់នៅតំបន់អាស៊ីអាគ្នេយ៍អាចបាត់បង់ការងាររបស់ពួកគេដោយសារសេដ្ឋកិច្ចត្រូវបានបញ្ឈប់ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19។

នៅក្នុងឯកសារគោលនយោបាយស្តីពីតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានចេញផ្សាយនៅថ្ងៃទី ២៦ ខែមីនា ESCAP បានកត់​សម្គាល់ថា ខណៈដែលទិន្នន័យពិតប្រាកដស្តីពីផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើ  វិស័យកម្លាំងការងារនៅតែមិនទាន់មាននៅឡើយ ផលប៉ះពាល់ទំនងជាមានច្រើន ខណៈដែលសេវាកម្ម និងផលិតកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មមានជាង ៨០ភាគរយ ក្នុងវិស័យក្រៅ​ផ្លូវការ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងតំបន់ និងរួមចំណែកដល់ការងារភាគច្រើននៅក្នុងតំបន់។

របាយការណ៍នេះបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់សម្រាប់ប្រទេស ដែលមានប្រព័ន្ធគាំពារសង្គមខ្សោយ ដើម្បីមានគោល​នយោបាយគ្រប់គ្រាន់ក្នុងការសន្សំសំចៃការងារ និងគាំទ្រដល់កម្រិតជីវភាព អប្បបរមាសម្រាប់ក្រុមគ្រួសារ។

ទន្ទឹមនឹងនេះដែរ នៅក្នុងរបាយការណ៍របស់ខ្លួនដែលបានចេញផ្សាយនៅថ្ងៃទី ៣ ខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ីបាន​ព្យាករណ៍​ថា កំណើននៅអាស៊ីអាគ្នេយ៍នឹងថយចុះពី ៤,៤ភាគរយក្នុងឆ្នាំ ២០១៩ មកនៅត្រឹម ១ភាគរយនៅក្នុងឆ្នាំនេះ មុនពេល​ស្ទុះងើបឡើង​វិញដល់ ៤,៧ភាគរយនៅឆ្នាំ ២០២១ ដែលជាមួយផ្នែកដោយសារតែទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំរបស់តំបន់នេះ​ជាមួយនឹងប្រទេសចិន។

ផ្អែកលើការព្យាករណ៍របស់ ADB បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី ៥ភាគរយកាលពីឆ្នាំមុន មកនៅត្រឹម ២,៥ភាគរយនៅក្នុងឆ្នាំនេះ។ ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់ ៤,៨ភាគរយ។ កំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំចំនួន ៧ភាគរយរបស់ប្រទេសវៀតណាមនឹងថយចុះមកនៅត្រឹម ៤,៨ភាគរយនៅឆ្នាំ ២០២០ ខណៈដែលប្រទេសសិង្ហបុរី រំពឹងថានឹងមានកំណើនត្រឹមតែ ០,២ភាគរយប៉ុណ្ណោះ។

ប្រទេសថៃកំពុងផ្តល់ការឧបត្ថម្ភប្រចាំខែចំនួន ៥.០០០បាត (១៥០ដុល្លារអាម៉េរិក) សម្រាប់រយៈពេល ៣ ខែដល់កម្មករក្រៅផ្លូវ​ការ ឬអ្នកធ្វើការសម្រាប់ខ្លួនឯងដែលមានចំនួន ៩លាននាក់។ ថវិកាបន្ថែមរបស់ប្រទេសសិង្ហបុរីដែលមានចំនួនប្រមាណ ៤៨ប៊ីលាន​ដុល្លារសិង្ហបុរី (៣៣,៣៦ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ផ្តល់ដល់កម្មករដែលគ្មានការងារធ្វើចំនួន ៨០០ដុល្លារសិង្ហបុរីម្នាក់ក្នុងមួយខែ សម្រាប់រយៈពេល ៣ខែ ដើម្បីជួយពួកគេក្នុងការស្វែងរកការងារថ្មី ឬក្នុងរយៈពេលនៃការឆ្លងកាត់ការបណ្តុះបណ្តាល៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)