អាជ្ញាធរខេត្តកំពង់ចាមចុះផ្សព្វផ្សាយពីបញ្ហាកូវីដ១៩ដល់ប្រជាពលរដ្ឋនៅរមណីយដ្ឋានទឹកឆា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី 06,04,2020៖

អាជ្ញាធរខេត្តកំពង់ចាម ចុះផ្សព្វផ្សាយពីបញ្ហាកូវីដ១៩ដល់ប្រជាពលរដ្ឋនៅរមណីយដ្ឋានទឹកឆា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីឲ្យពួកគាត់យល់កាន់តែ ច្បាស់ ពីការការពារខ្លួននៃជំងឺរាតត្បាតសកលនេះ ។
លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្នមន្ទីរបានចុះផ្សព្វផ្សាយអំពីវិធានការណ៍បង្ការ និងទប់ស្កាត់ហានិភ័យនៃវីរុសកូវីដ19 ដោយដាក់មេក្រូនៅតាមកន្លែងសំខាន់ៗ មេក្រូចល័ត និងចែកខិតប័ណ្ណ ពិសេសផ្សព្វផ្សាយដល់ម្ចាស់អាហារដ្ឋានឲ្យ យល់ដឹងកាន់តែច្បាស់ ដើម្បីណែនាំបន្តដល់ភ្ញៀវដែលមកលេងកម្សាន្ត ឲ្យរក្សាការសប្បាយត្រឹមតែជាលក្ខណៈគ្រួសារ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

លោកបានណែនាំដល់ ប្រជាពលរដ្ឋ ពិសេសម្ចាស់រមណីយដ្ឋានទាំងអស់ ខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងត្រូវលាងដៃនិងសាប៊ូ ទឹកស្អាតឬទឹកអាល់កុល អាល់កុលជែល អោយបានញឹកញាប់ ដើម្បីជៀសវាងពីជំងឺនានា ជាពិសេសជំងឺឆ្លងកូវីដ១៩ ។
នៅពេលក្អកឬកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម ជៀសវាងការប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់ ។ កាត់បន្ថយការជួបជុំក្នុងសង្គម និង កន្លែងប្រមូលផ្ដុំ ។ ជៀសវាងប៉ះពាល់ ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ ។ សម្អាត និងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃដែលប្រើប្រាស់ ឲ្យបានញឹកញាប់ ។
សូមបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបមកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ រឺនៅឲ្យឆ្ងាយពីសាច់ញាតិចំនួន២ម៉ែត្រ។ សម្រាប់ព័ត៌មាន បន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ ៕