រោងចក្រមួយនៅភ្នំពេញអាចផលិតម៉ាសក្នុង១ថ្ងៃបានរហូតដល់៥០ម៉ឺន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រោងចក្រមួយនៅភ្នំពេញអាចផលិតម៉ាសក្នុង១ថ្ងៃ បានរហូតដល់៥០ម៉ឺន សម្រាប់បំពេញបន្ថែមនូវតម្រូវការម៉ាសពាក់មុខ ដើម្បីការពារពីការឆ្លងនូវវីរុសកូវីដ-១៩ ដែលកំពុងជាក្តីបារម្ភ សម្រាប់ប្រជាជននៅលើពិភពលោក។

  ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រុមហ៊ុនចិនមួយដែលមានទីតាំងនៅផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានលទ្ធភាពផលិតម៉ាសដែលមានគុណភាពល្អ ក្នុង១ថ្ងៃបានរហូតដល់៥០ម៉ឺន ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងស្រុក និងសម្រាលបន្ទុកការនាំចូលពីក្រៅប្រទេស។ 

  យោងតាមប្រភពពីទូរទស្សន៍ជាតិកម្ពុជា ដែលបានដកស្រង់សម្តីរបស់ឯកឧត្តម ម៉ម ប៊ុនហេង ក្នុងឱកាសចុះពិនិត្យចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្រុមហ៊ុននេះ អាចផលិតម៉ាសបានទាំងមនុស្សចាស់ និងកូនក្មេង ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។

ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទិញម៉ាសចំនួន៥លាន២សែនម៉ាស ដើម្បីផ្តល់ជូនគ្រូពេទ្យ និងចែកជូនប្រជាពលរដ្ឋ ស្របពេលដែលកម្ពុជាកំពុងមានករណីឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយថា សម្តេចបានចាត់ឲ្យក្រសួងសុខាភិបាល បញ្ជាទិញម៉ាស់ពីក្រៅប្រទេសចំនួន៤លានម៉ាស និងបញ្ជាទិញពីរោងចក្រផ្ទាល់នៅខេត្តព្រះសីហនុចំនួន១លាន២សែនម៉ាស ដើម្បីបន្ថែមលើអ្វីដែលក្រសួងសុខាភិបាលបានស្តុកទុក ខណៈសម្ភារពេទ្យសម្រាប់ការពារពីការឆ្លងនូវវីរុសកូវីដ-១៩ ដូចជា ម៉ាស អាវការពារ ជាដើម ត្រូវបានបញ្ចេញប្រើប្រាស់ជារៀងរាល់ថ្ងៃ៕