ក្រសួងសុខាភិបាលប្រកាសគ្មានករណីឆ្លងថ្មីជម្ងឺកូវីដ១៩ជាប់ៗគ្នារយៈពេល៣ថ្ងៃ

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ហុក​ សុខរិន​៖

ក្រសួងសុខាភិបាលបានប្រកាសគ្មានករណីឆ្លងថ្មីជម្ងឺកូវីដ១៩ជាប់ៗគ្នារយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែមេសា។ប៉ុន្តែទោះជាយ៉ាងនេះក្តីក្រសួងសុខាភិបាលនៅតែ បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋទំាងអស់ត្រូវបង្កើនការធ្វើអនាម័យសម្អាតខ្លួនប្រាណទ្វេដងបន្ថែម ទៀត ដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅបញ្ចប់ជម្ងឺកូវីដ១៩នៅកម្ពុជា។
ក្រសួងសុខាភិបាលបានប្រកាសថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ
កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែជាសះស្បើយចំនួន៣នាក់ថ្មីទៀត ដែលធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់ស្មើលនឹង៤៦.៤៩ភាគរយ ធៀបនឹងអ្នកមានវីរុសកូវីដ១៩ ទំាងអស់។
សេចក្តីប្រកាសបានបញ្ជាក់ថា ករណីជាសះស្បើយ៣នាក់ថ្មីទៀតនេះ មានបរុសជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ និងបុរសជនជាតិម៉ាឡេស៊ី អាយុ៤០ឆ្នាំ ដែលត្រឡប់មកពីធ្វើបុណ្យសាសនា នៅស្រុកកងមាស ខេត្តកំពង់ចាម។ ពេលនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម ត្រឡប់ទៅផ្ទះវិញហើយ។
សេចក្តីប្រកាសបញ្ជាក់ថា ចំនួនអ្នកសម្រាកព្យាបាលបានថយចុះមកនៅត្រឹម៦១នាក់ ក្នុងនោះស្រ្តី២០នាក់ នៅតាមមន្ទីរពេទ្យរដ្ឋ នៅថ្នាក់ជាតិនិងថ្នាក់ខេត្ត ខណៈមានអ្នកឆ្លងសរុប នៅទូទំាងប្រទេសមានចំនួន១១៤នាក់ ក្នុងនោះស្រ្តី៣២នាក់៕