អាជ្ញាធរខេត្ដសៀមរាបត្រៀមបង្កាការពារការឆ្លងរីករាលដាលជំងឺកូវិដ១៩នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

វិទ្យុជាតិកម្ពុជា៖ លោកជួន បូណា
MC៖អាជ្ញាធរខេត្ដសៀមរាប បានត្រៀមលក្ខណៈបង្កាការពារការឆ្លងរីករាលដាលជំងឺកូវិដ១៩នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើនអាចសម្រុកមកលេងស្រុកកំណើតជាច្រើន ដែលងាយរងគ្រោះការឆ្លងជំងឺនេះ។

លោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង អគ្គស្នងការខេត្ដសៀមរាប មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថាថា អគ្គស្នងការខេត្ដសៀមរាប បានរៀបចំផែនការ និងណែនាំឱ្យកម្លាំង ចុះត្រួតពិនិត្យ ឬ ដាក់កម្លាំងឈរជើងជាប់ជាប្រចាំ និងចុះអប់រំណែនាំប្រជាពលរដ្ឋកុំឱ្យមានប្រមូលផ្តុំ ជួបជុំ រៀបចំកម្មវិធីកម្សាន្តបែបប្រពៃណី ពិធីជប់លៀង រាំកម្សាន្ត នៅតាមទីសាធារណៈ និងតាមសហគមន៍។
លោកឧត្ដមសេនីយ៍ទោ បានបញ្ជាក់ថា ការហាមប្រាណប្រជាពលរដ្ឋកុំឱ្យមានប្រមូលផ្តុំដែលមានគ្នាច្រើនក្នុងពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរនេះ ដើម្បីបង្ការទប់ស្កាក់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលបាន និងកំពុងប្រឈមជំងឺនេះ។ ប៉ុន្ដែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមានការជួបជុំជាលក្ខណៈគ្រួសារក្នុងរូបភាពតូចៗតាមគេហដ្ឋាន វិញ។
សំឡេង«ក្នុងឱកាសពិធីបុណ្យចូលឆ្នាំសំខាន់បំផុតយើងផ្សព្វផ្សាយជូនប្រជាពលរដ្ឋទូទាំងខេត្ដកុំឱ្យពួកគាត់ជួបជុំគ្នាមានគ្នាច្រើនការចាក់ធុងបាស់រាំតាមទីសាធារណតាមភូមិ គឺបានត្រៀមហើយដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់យើងឱ្យគាត់ចូលរួមអនុវត្ដតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសឱ្យគាត់រក្សាអនាម័យ និងការប្រមូលផ្ដុំគ្នាច្រើន អានឹងយើងបានណែនាំជាប់ជាប្រចាំ ដើម្បីឱ្យគាត់ចូមរួមសហការជាមួយអាជ្ញាធរយើង»។
លោកឧត្ដមសេនីយ៍ទោ បន្ដថា អគ្គស្នងការនឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីក្តាប់ឲ្យបានអំពីវត្តមាន និងស្ថានភាពរបស់ពលករខ្មែរ ដែលវិលត្រឡប់មកពីក្រៅប្រទេស ដើម្បីអប់រំនិងតាមដានពួកគេ លើការអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។
ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ទោបានដាក់កងកម្លាំងនៅតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០នេះ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕