ក្រសួងសេដ្ឋកិច្ច ដាក់ដំណើរការ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” ចូលក្នុងវិស័យអាទិភាពមួយចំនួន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ04,04,2020៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ដំណើរការ “គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” ចូលក្នុងវិស័យអាទិភាពមួយចំនួន ដើម្បីបម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូល នៅក្នុងការផលិត របស់ក្រុមហ៊ុនធំៗ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពី ការដាក់ឲ្យដំណើរការ “គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម” កាលពីថ្ងៃទី៣ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” គឺការផ្តល់ឥណទាន មានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍ សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យអាទិភាព ដូចជាៈផ្នែកកម្មន្តសាល និងសិប្បកម្ម សម្រាប់ជំនួសឲ្យការនាំចូល បម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូល នៅក្នុងការផលិត របស់ក្រុមហ៊ុនធំៗ ជាដើម។ មូលនិធិក្រោមគម្រោង សហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់១០០លានដុល្លារ ដែលជាការផ្ដល់សហហិរញ្ញប្បទាន បដិភាគស្មើគ្នារវាងធនាគារសហគ្រាស ធុនតូចនិងមធ្យមនៅកម្ពុជា (ធ.ស.ក) និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម)។
ប្រភពដដែលបានបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនៃគម្រោង សហហិរញ្ញប្បទាននេះ មានចំនួន៣៣ ក្នុងនោះ មានធនាគារពាណិជ្ជ ចំនួន២៣ ធនាគារឯកទេសចំនួន២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើចំនួន៥ និងគ្រឹះស្ថានហិរញ្ញវត្ថុ មានចំនួន២ផងដែរ។
ក្នុងនោះសហគ្រាសធុនតូចនិងមធ្យម ដែលមានតម្រូវការឥណទាន អាចធ្វើការដាក់ពាក្យស្នើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទាននេះបាន នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមណាមួយ ដោយគោរពតាមលក្ខខណ្ឌ របស់គម្រោងសហហិរញ្ញប្បទាន និងលក្ខខណ្ឌផ្ដល់ឥណទាន របស់គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមនិមួយៗនេះ។
ប្រភពដដែលបន្ថែមទៀតថា ដើម្បីអាចទទួលបានឥណទាន ក្រោមគម្រោង សហហិរញ្ញប្បទាននេះ សហគ្រាសធុនតូចនិងមធ្យម ត្រូវមានលក្ខខណ្ឌ គ្រប់គ្រាន់ស្របតាមលក្ខណៈវិនិច្ឆ័យ៕