កម្ពុជាប្រកាសពុំមានករណីវិជ្ជមានថ្មី ខណៈការព្យាបាលជាសះស្បើយមានរហូតដល់១៥នាក់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ –​ ក្រសួងសុខាភិបាលបានប្រកាសថា ពុំមានរកឃើញករណីវិជ្ជមានថ្មី នៃវីរុសកូវីដ១៩ណាមួយនោះទេ ខណៈការព្យាបាលជាសះស្បើយវិញគឺមានរហូតដល់១៥នាក់ឯណោះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ។

ករណីជាសះស្បើយទាំង១៥នាក់នោះ គឺបុរសជនជាតិម៉ាឡេស៊ីចំនួន០២រូប អាយុ៦៤ និង៦០ឆ្នាំ ដែលជាក្រុមមកធ្វើការងារសាសនា នៅខេត្តកំពត ស្ត្រីអាយុ៣៥ឆ្នាំមួយរូបនៅខេត្តបាត់ដំបង បុរសអាយុ៦០ឆ្នាំមួយរូបនៅខេត្តកណ្តាល មន្ត្រីជាន់ខ្ពស់មួយរូប នៃក្រសួងមួយនៅភ្នំពេញ បុរស០៤រូប និងស្ត្រី០៤រូប នៅខេត្តព្រះសីហនុ ដែលស្ថិតនៅក្រុមអ្នកទេសចរបារាំងទាំង៣៦រូប និងបុរសជនជាតិបារាំងអាយុ៦៤ឆ្នាំមួយរូប ដែលស្ថិតក្នុងក្រុមទេសចរបារាំងផ្សេងទៀត រួមជាមួយនឹងបុរសជនជាតិខ្មែរអាយុ៣៩ឆ្នាំ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយនឹងក្រុមទេសចរបារាំងផងដែរ។

បើទោះជាព្រឹកថ្ងៃនេះបានបង្ហាញពីសញ្ញានៃភាពធូរស្រាលករណីកូវីដ១៩នៅកម្ពុជាក៏ដោយ ក៏ក្រសួងសុខាភិបាលនៅតែ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែធ្វើអនាម័យជាប់ជាប្រចាំ ក៏ដូចជាការដាក់ខ្លួនឱ្យនៅដាច់ចំនួន១៤ថ្ងៃ សម្រាប់អ្នកដែលទើបត្រឡប់មកពីក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងជំងឺនេះ និងរាលដាលទៅដល់ក្រុមគ្រួសារ ហើយក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពបន្តទៀតអំពីស្ថានភាពទូទៅនៃវីរុសកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់បន្ថែមទៀត។

សូមបញ្ជាក់ថា ករណីសរុបទូទាំងប្រទេសមកទល់ព្រឹកនេះ គឺ១១៤នាក់ ព្យាបាលជាសះស្បើយ៤៩នាក់ និងកំពុងសម្រាកព្យាបាល៦៥នាក់៕

ដោយ ផែន រតនៈ