សហរដ្ឋអាមេរិក ប្រគល់ព្រះបដិមាដងខ្លួនទេវរូបចំនួន២ឲ្យមកកម្ពុជាវិញ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៤ ០៤ ២០២០៖

ក្រសួងសន្តិសុខផ្ទៃក្នុងសហរដ្ឋអាមេរិក ប្រគល់ព្រះបដិមាដងខ្លួនទេវរូបចំនួន២ ឲ្យមកកម្ពុជាវិញ ដើម្បីតែរក្សាទុកជាគេមរតជាតិ ។
ពិធីប្រគល់ព្រះបដិមាដងខ្លួនទេវរូបចំនួនពីរ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅសារមន្ទីរជាតិ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ជួបជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា គ្រប់ការវិលត្រឡប់មកវិញនៃវត្ថុបុរាណរបស់ខ្មែរពីបរទេស វាជាសក្ខីភាពមួយដែលបង្ហាញពីភាពជាដៃគូរនៃកិច្ចសហប្រតិបត្តិការរឹងមាំ ជាពិសេសប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវបន្តថា ជាក់ស្តែងនាពេលនេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលធ្វើឱ្យមានការវិលត្រឡប់មកវិញនៃព្រះបដិមាដែលបានចាកចេញពីប្រទេសអស់មួយរយៈកាលហើយ ទោះបីមានភាពអាសន្នផ្នែកសុខភាពជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩យ៉ាងណាក៏ដោយក៏រូបចម្លាក់របស់ខ្មែរនៅតែបានវិលត្រឡប់ មកស្រុកកំណើតយើងវិញ ដែលនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យ និងជាសិរីមង្គលមួយសម្រាប់ប្រទេសជាតិ និងប្រជារាស្ត្រខ្មែរទាំងមូល ។
លោកជំទាវរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះស្ថានទូតអាមេរិកប្រចាំកម្ពុជា រួមទាំងផ្នែកកិច្ចការសាធារណៈ (PAS) និងសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI ) ដែលបានចូលសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការសម្របសម្រួលដល់ការប្រគល់ព្រះបដិមារបស់កម្ពុជាចំនួន២ ពីសហរដ្ឋអាមេរិកបន្ទាប់ពីការចាប់បាននៅឆ្នាំ២០០៥ និង ឆ្នាំ២០១៧។
សូមបញ្ជាក់ថា បន្ទាប់ពីពិធីទទួលព្រះបដិមាដងខ្លួនទេវរូប លោកជំទាវរដ្ឋមន្ត្រី ក៏បានអញ្ជើញសូត្រមន្ត និងបួងសួងសូមឲ្យបានសេចក្តីសុខចម្រុងចម្រើន ពិសេសសូមឲ្យប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជាទាំងអស់គេចផុតពីការរាតត្បាតនៃជម្ងឺឆ្លងកូវីដ១៩ផងដែរ ៕