គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយជូនដំណឹងពីការទប់ស្កាត់ការចរាចរ ឱសថ ឧបករណ៍បរិក្ខាពេទ្យ និងសារធាតុសម្លាប់មេរោគខុសច្បាប់

វិទ្យុជាតិកម្ពុជា៖ ស្រីផល 03,04,2020៖

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជូនដំណឹងពីការទប់ស្កាត់ការចរាចរឱសថ ឧបករណ៍បរិក្ខាពេទ្យ និងសារធាតុសម្លាប់មេរោគខុសច្បាប់ ដែលបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ខណៈដែលកម្ពុជាកំពុងប្រឈមជាមួយជំងឺ COVID-19។
តាមសេចក្ដីជូនដំណឹង របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា បន្ទាប់ពីគណៈកម្មាធិការ បានតាមដាន និងសង្កេតឃើញតាមបណ្ដាញសង្គម ហ្វេសប៊ុក មានគណនីជាច្រើន កំពុងឆ្លៀតឱកាសផ្សព្វផ្សាយលក់ឱសថ ឧបករណ៍បរិក្ខាពេទ្យ និងសារធាតុសម្លាប់មេរោគយ៉ាងអនាធិបតេយ្យ ដូចជា ម៉ាស់ ឧកបរណ៍សម្លាប់មេរោគ អាល់កុល ជែល និងសារធាតុសម្លាប់មេរោគជាច្រើនប្រភេទទៀត ពុំមានការអនុញ្ញាតច្បាប់ពីក្រសួងមានសមត្ថកិច្ចឡើយ។
គួរបញ្ជាក់ផងដែរថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះប្រតិបត្តិការរឹបអូសនៅឱសថព្យាបាល និងឧបករណ៍សម្រាប់ធ្វើតេស្តកូវីត១៩ យកមកធ្វើការកំទេចចោល។ ដោយយោងតាមសេចក្តីជូនព័ត៌មាន ចុះកាលពីថ្ងៃទី៣១ខែមីនាឆ្នាំ ២០២០របស់ក្រសួងសុខាភិបាល ស្តីពីការហាមលក់ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគគ្មានលេខបញ្ជីកា ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការចរាចរឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគខុសច្បាប់ ក៏ដូចជាអនុវត្តតាមប្រកាសរួម និងផែនការអនុវត្តរួមរវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ស្ដីពីការគ្រប់គ្រងគុណភាព សេវាកម្ម និងវិធានការលុបបំបាត់ផលិតផលសុខាភិបាលខុសច្បាប់ និងសេវាសុខាភិបាលឯកជនខុសច្បាប់ដើម្បីសុខភាពនិងសុវត្ថិភាពសង្គម ដែលមានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាសេនាធិការឱ្យក្រសួងមហាផ្ទៃ ដើម្បីចុះអនុវត្តនីតិវិធី។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សូមអំពាវនាវដល់សាធារណជន មេត្ដាចូលរួម និងសហការផ្ដល់ព័ត៌មាន អំពីទីតាំងផលិត ឬទីតាំងចែកចាយ និងជនដែលផលិត ឬជនដែលចែកចាយផលិតផលដូចរៀបរាប់ខាងលើ ដែលក្រសួងសុខាភិបាលហាមឃាត់ សូមផ្ដល់ព័ត៌មានមកគណៈកម្មាធិការ។