ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដាក់អោយដំណើរការគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមចាប់ពីពេលនេះតទៅ

វីទ្យុជាតិកម្ពុជា: ហាន់ ស្រីណា ០៣. ០៤ .២០


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់អោយដំណើរការគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅក្នុងប្រទេសអោយកាន់តែមានប្រសិទ្ធភាពនិងសំបូរបែប។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអោយដឹងថា ការដាក់អោយដំណើការ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមក្នុងគោលបំណង ផ្ដល់ឥណទានមានការប្រាក់ទាបដើម្បីផ្តល់ឪកាសដល់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាពដូចជាផ្នែកកម្មន្ដសាលនិងសិប្បកម្ម សម្រាប់ជំនួសអោយការនាំចូលបម្រើសេចក្តីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម។មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទាននេះមានទំហំទឹកប្រាក់១០០លានដុល្លារអាមេរិក ដែលជាការផ្ដល់សហហិរញ្ញប្បទានបដិភាពស្មើគ្នារវាងធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជានិងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនៃគម្រោងសហហិរញ្ញប្បទាននេះមានចំនួន ៣៣ ក្នុងនោះមានធនាគារពាណិជ្ជចំនួន ២៣ ធនាគារឯកទេសចំនួន២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៥និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២ ។
ដូច្នេះសហគ្រាសធុនតូចនិងមធ្យមដែលមានតម្រូវការឥណទានអាចដាក់ពាក្យស្នើសុំឥទានក្រោមគម្រោងសហហិរញ្ញទាននេះ នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមណាមួយដោយគោរពតាមលក្ខខណ្ឌធំៗចំនួនបី:
១. សហគ្រាសធុនតូចសំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០.០០០.០០០(ពីររយហាសិបលាន)រៀលឬសហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូចតាមច្បាប់និងបទប្បញ្ញត្តិស្ដីពីពន្ធដារឬមានចំនួននិយោជិកចាប់ពី ១០នាក់ទៅ៥០ នាក់។ដោយឡែកសហគ្រាសធនមធ្យម សំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៧០០.០០០.០០០(ប្រាំពីររយលាន)រៀលឬសហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធមធ្យមស្របតាមច្បាប់និងបទប្បញ្ញត្តិស្ដីពីពន្ធដារឬមានចំនួននិយោជិកចាប់ពី ៥១នាក់ទៅ ១០០នាក់។
២ សហគ្រាសដែលធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងវិស័យអាទិភាព(លើកលែងវិស័យពាក់ព័ន្ធដល់វិស័យសន្តិសុខសង្គមសុខភាពបរិស្ថាន)
៣ សហគ្រាសធុនតូចនិងមធ្យមនៃវិស័យអាទិភាពខាងលើដែលមានលទ្ធភាពបង្កើតឱកាសការងារថ្មីចាប់ពី ៥ ទៅត្រូវបានលើកទឹកចិត្ត។
ក្រសួងក៏អំពាវនាវដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមលក្ខណៈតម្រូវដូចខាងលើអាចដាក់ពាក្យស្នើសុំឥណទានក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដោយធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយគ្រឹះស្ថានហិរញ្ញមួយចំនួនខាងលើឬ ទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៩ ៣៤ ៧៧ ៧៧និង ០១២ ៧៩៨ ៩៧៦៕