អាជ្ញាធរស្រុកបន្ទាយស្រី អប់រំណែនាំប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងពីរបៀបនៃការទុកដាក់និងការញែកសំរាមឱ្យបានត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 03,04,2020 ៖

អាជ្ញាធរស្រុកបន្ទាយស្រី អប់រំណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងពីរបៀបនៃការទុកដាក់សំរាម និងការញែកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីជំរុញឱ្យយុទ្ធនាការ «បន្ទាយស្រីស្អាតឆ្នាំ២០២០» ដំណើរការទៅបានដោយជោគជ័យ នាពេលខាងមុខ ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៃខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុជាតិអោយដឹងថា ក្នុងនាមជាស្រុកតំបន់ទេសចរណ៍មួយរបស់ខេត្តសៀមរាប គឺពិតជាមានការចាំបាច់ណាស់ ត្រូវតែមានយន្តការមួយជាក់លាក់ក្នុងការគ្រប់គ្រងសំរាម ដែលរហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋក្នុងស្រុកមានការយល់ដឹងច្រើន ពីផលប៉ះពាល់ពាក់ពន្ធ័ទៅនឹងសំរាម ។
លោកបានបន្តថា នៅពេលដែលអាជ្ញាធរធ្វើការអប់រំ និងគ្រប់គ្រងសំរាមបានល្អប្រសើរហើយនោះ អាជ្ញាធរនិងចាប់ផ្តើមរឹតបន្តឹងការបោះចោលសំរាមពាសវាលពាសកាលឱ្យបានកាន់តែខ្លាំងឡើងបន្ថែមទៀត ក្នុងគោលដៅ ភូមិនៅបន្ទាយស្រីគ្មានថង់ផ្លាស្ទិក ។
លោកបានបន្ថែមថា ក្រសួងបរិស្ថាន បានផ្តល់រថយន្តដឹកសំរាមខ្នាតតូចចំនួន៦គ្រឿង ដល់អាជ្ញាធរស្រុកបន្ទាយស្រី ដើម្បីអនុវត្តគម្រោងបន្ទាយស្រីស្អាតឆ្នាំ២០២០ ហើយតាមគម្រោងនេះ និងត្រូវអនុវត្តនៅក្នុងអំឡុងខែមេសាឆ្នាំ២០២០នេះ ប៉ុន្តែដោយសារតែបញ្ហាមេរោគឆ្លងកូវីដ១៩ អាជ្ញាធរស្រុកបានសម្រេចពន្យាពេលនៃការអនុវត្តគម្រោងនេះ រហូតដល់ស្ថានការណ៍មានការវិវត្តទៅរកភាពល្អប្រសើរវិញ ទើបចាប់អនុវត្តគម្រោងនេះ ។
សូមបញ្ជាក់ថា ការផ្ដល់រយន្តសម្អាតសម្រាមជូនរបស់ក្រសួងបរិស្ថានមករដ្ឋបាលស្រុកគឺជាផ្នែកមួយនៃយុទ្ធនាការមួយទៀតដាច់ដោយឡែករបស់រដ្ឋបាលស្រុក ឈ្មោះថា ២០២០បន្ទាយស្រីស្អាតដែលការពិតទៅបើកុំដោយសារតែបញ្ហាមេរោគកូវីដ១៩នេះ រដ្ឋបាលស្រុកត្រូវរុញចេញយុទ្ធនាការនេះដើម្បីរុញយ៉ាងណាឲ្យស្រុកបន្ទាយស្រីទៅជាស្រុកមួយដែលស្អាតទាំងបរិស្ថាន អនាម័យសំរាម និយាយជារួម ហើយសំរាមគឺជាផ្នែកមួយតូច នៅក្នុងចង្កោមនៃយុទ្ធនាការធំ ហើយការដោះស្រាយសំរាមនេះ ដើម្បីយើងអាចដោះស្រាយបាន វាទាល់តែមានហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងការប្រមូលសំរាមនេះ ដែលក្នុងនោះ យើងមានត្រូវធុងសំរាម នយោបាយដឹកជញ្ជូនសំរាម មានមនុស្សដើរប្រមូលសំរាម មានឡដុតសំរាម និងយន្តការគ្រប់គ្រងច្បាស់លាស់ ទើបយើងអាចដោះស្រាយបញ្ហាសំរាមនេះបាន ។
លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមថា នៅពេលដែលពេលវេលាសមគួរអាជ្ញាធរស្រុកបន្ទាយស្រីខេត្តសៀមរាប អាចដាក់ឲ្យអនុវត្តន៍នូវយុទ្ធនាការបន្ទាយស្រីស្អាតឆ្នាំ២០២០នេះបាន ដោយរថយន្តដឹកសំរាមខ្នាតតូចទាំង៦ នឹងចេញទៅដឹកសំរាម នៅតាមបណ្តាឃុំទាំង៦របស់ស្រុកបន្ទាយស្រីមកដាក់កន្លែងរួមមួយ ដើម្បីរថយន្តធំដឹកបន្តទៅកាន់ឡដុតសំរាមតែម្តង ៕