មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន

វិទ្យុជាតិកម្ពុជា៖ លោក គឹម ហឿន ស្ទឹងត្រែង

ជនសង្ស័យចំនួនបីនាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង បង្ក្រាបបានពីបទករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបន្ទប់ជួលទល់មុខខារ៉ាអូរខេវិមានមាស ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅវេលាម៉ោង០៩ ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០២០។
លោកវរសេនីយ៍ត្រីចែមផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជាក់ថា៖ប្រតិបត្តិការនេះកម្លាំងជំនាញបាន សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែង និងមានការសហការល្អពីម្ចាស់ផ្ទះជួល បានចុះធ្វើការងាររដ្ឋបាល នៅចំណុចបន្ទប់ជួលទល់មុខខារ៉ាអូរខេវិមានមាស ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានប្រទះឃើញមុខសញ្ញាគួរឲ្យសង្ស័យ ក៏ធ្វើការឆែកឆេរ និងចាប់យកវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន ០៤កញ្ចប់តូច ទម្ងន់សរុប (៩,៨២)ក្រាម ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់។
លោកបន្តថា៖ជនសង្ស័យទី១- ឈ្មោះ ព្រុំ ផេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង(ជាមេខ្លោង ដែលទើបចេញពីពន្ធនាគា ពាក់ព័ន្ធបទល្មើសគ្រឿងញៀន)។
២- ឈ្មោះ លី គីមឃុន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិប្បកម្ម ទីលំនៅបច្ចុប្បន្នភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
៣- ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិប្បកម្ម ទីលំនៅបច្ចុប្បន្នភូមិច្រប ឃុំច្រប ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ន ជនសង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់ នៃ ការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួន រៀបចំ សំណុំឯកសារបញ្ជូនជនសង្ស័យ និង វត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕