រុស្ស៊ីសង្ឃឹមថា នឹងបានធ្វើការងាររួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន គួរតែខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លង​រាត​ត្បាតនៃមេរោគកូរ៉ូណាវីរុស។

លោកស្រី Zakharova បាននិយាយថា «យើងបានកត់សម្គាល់ទៅលើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋ​អាមេរិកទាក់ទងនឹងសារៈសំខាន់ នៃការខិតខំរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ជាពិសេសលោកស្រីបាននិយាយថា  ប្រទេសទាំងពីរបាន​ផ្តល់ជំនួយមនុស្សធម៌ដល់គ្នាទៅវិញទៅមក​ពេលមានវិបត្តិក្នុងពេលអតីតកាល ហើយគ្មានការងឿងឆ្ងល់ទេ ក្នុងការធ្វើវាម្តងទៀតនា​ពេលអនាគត។ នេះ គឺជាពេលវេលាដើម្បីធ្វើ​ការងាររួមគ្នា ដើម្បីយកឈ្នះខ្មាំងសត្រូវរួមដែលកំពុងគំរាមកំហែងដល់អាយុជីវិតរបស់យើង​ទាំងអស់គ្នា។ យើងចែករំលែកវិធីសាស្រ្តនេះយ៉ាងពេញលេញ»។

អ្នកការទូតរូបនេះបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនក្នុងការការពារ ការរីករាលដាល​នៃវីរុសនេះ ត្រូវបានអនុវត្តក្រោមកិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងដោយមេដឹកនាំនៃប្រទេសទាំងពីរនៅក្នុងការសន្ទនាតាមទូរស័ព្ទកាល​ពីថ្ងៃទី៣០ ខែមីនា។ លោកស្រី Zakharova បាននិយាយថា «ក្រោមកិច្ចព្រមព្រៀងនេះ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រត្រូវបានបញ្ជូនទៅ​សហរដ្ឋអាមេរិកដោយយន្តហោះដឹកជញ្ជូន​យោធារបស់ក្រសួងការពារជាតិរុស្ស៊ី។ ការចំណាយទៅលើថ្លៃដឹកទំនិញចំនួនពាក់កណ្តាល​ត្រូវបានបង់ដោយមូលនិធិវិនិយោគផ្ទាល់​របស់រុស្ស៊ី (RDIF) និងពាក់កណ្តាលទៀតដោយ​ភាគីសហរដ្ឋអាមេរិក។ នេះជាការកត់សម្គាល់​ថា RDIF បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។

លោកស្រី Zakharova បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសរុស្ស៊ីមានឱកាសផ្តល់ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាម​កំហែងរួម។ អ្នកការទូតរូបនោះបាននិយាយថា «ក្នុងដំណាក់កាលដ៏លំបាកបំផុតនៃការតស៊ូរបស់ចិនប្រឆាំងនឹងការរីករាលដាលនៃ​មេរោគឆ្លងកូរ៉ូណាវីរុសនេះ ទីក្រុងមូស្គូ គឺជាអ្នកដំបូងគេដែលជួយដល់មិត្តចិនរបស់ខ្លួន។ ឥឡូវនេះយើងកំពុងតែទទួលបានការគាំទ្រពី​ទីក្រុងប៉េកាំង»។ សព្វថ្ងៃនេះ សហរដ្ឋអាមេរិកកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើ ឧស្សាហកម្មរបស់ខ្លួនក្នុងការផលិតទំនិញដែលជា​តម្រូវការក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ យើងប្រាកដថា បើក្នុងករណីចាំបាច់ ពួកគេនឹងអាចផ្តល់ការ គាំទ្រដល់ប្រទេសរុស្ស៊ីជាបន្ត​បន្ទាប់ផងដែរ»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)