មិនទាន់មានកិច្ចពិភាក្សាណាមួយនៅឡើយទេ អំពីកិច្ចព្រមព្រៀងថ្មី ដែលមកជំនួសកិច្ចព្រមព្រៀង OPEC + ដើម្បីស្ថិរភាពទីផ្សារប្រេង

AKP ភ្នំពេញ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០ — កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា នៅមិនទាន់មានការជជែកគ្នាអំពីកិច្ចព្រមព្រៀងថ្មីដែលអាចកើតមានដើម្បីជំនួសកិច្ចព្រមព្រៀង OPEC + នៅឡើយទេ។

លោកបានឆ្លើយនឹងសំនួរពីទីភ្នាក់ងារសារព័ត៌មាន TASS ដែលបានសួរអំពីលទ្ធភាពដែល ត្រូវបានពិភាក្សាដើម្បីធ្វើឱ្យទីផ្សារ​ប្រេងមានស្ថិរភាពថា «រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់បានចាប់ផ្តើមនិយាយអំ​ពីកិច្ចព្រមព្រៀងជាក់លាក់ណាមួយ ឬសូម្បីតែ​កិច្ចព្រមព្រៀងអរូបីដើម្បីជំនួសកិច្ចព្រមព្រៀង OPEC + នោះឡើយ»។

លោក Peskov បានរំលឹកថា ស្ថានភាពនៅក្នុងទីផ្សារថាមពល រួមទាំងទីផ្សារប្រេងផងដែរ ត្រូវបានពិភាក្សាក្នុងពេលសន្ទនាតាម​ទូរស័ព្ទកាលពីពេលថ្មីៗនេះរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

លោក Peskov បាននិយាយថា «គ្មាននរណាម្នាក់ពេញចិត្ត» នឹងស្ថានភាពនេះទេ។ លោកបាននិយាយបន្ថែមថា​ ទំនាក់ទំនង​នៅកម្រិតអន្តរជាតិអំពីបញ្ហានេះ កំពុងដំណើរការ «នេះ គឺជាដំណើរការដែលកំពុងបន្ត»។

នៅក្នុងកិច្ចប្រជុំមួយជាមួយសមាជិករដ្ឋាភិបាលកាលពីថ្ងៃទី ១ ខែមេសា ប្រធានាធិបតីរុស្ស៊ីបានកត់សម្គាល់ថា សេដ្ឋកិច្ចរុស្ស៊ី​កំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺរាតត្បាតឆ្លង ដែលបង្កឲ្យមានការធ្លាក់ចុះសកម្មភាពអាជីវកម្ម​ក៏ដូចជាដោយសារការធ្លាក់​ចុះយ៉ាងខ្លាំងនៃតម្លៃប្រេងសកលលោក។ លោកបាននិយាយបន្ថែមថា អាជ្ញាធររុស្ស៊ីកំពុងពិភាក្សាអំពីស្ថានភាពនេះជាមួយដៃគូនានានៅ​ក្នុងអង្គការ OPEC ដោយរំលឹកឡើងវិញនូវកិច្ចសន្ទនាកាលពីពេលថ្មីៗនេះរបស់លោកជាមួយលោក ត្រាំ ដែលវាក៏បានធ្វើឲ្យប៉ះពាល់​ដល់បញ្ហាតម្លៃប្រេងនៅលើពិភពលោកផងដែរ។

លោក ពូទីន បានសង្កត់ធ្ងន់ទៅលើតម្រូវការ «ដើម្បីអភិវឌ្ឍដំណោះស្រាយរួមគ្នាជាមួយអ្នកផលិត និងអ្នកប្រើប្រាស់សំខាន់ៗ​ដែលនឹងកាត់បន្ថយស្ថានភាពទីផ្សារទាំងមូល»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)