កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមិនទាន់ឈានទៅដល់កិច្ចព្រមព្រៀង ស្តីពីថវិកាបដិភាគ​សម្រាប់វិស័យការពារជាតិនៅឡើយទេ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មិនទាន់ឈានដល់កិច្ចព្រមព្រៀងស្តីពីថវិកាបដិភាគការពារជាតិនៅឡើយទេ បើទោះបីនៅតែបន្តកិច្ចពិគ្រោះយោបល់​កម្រិតខ្ពស់ក៏ដោយ។

ក្រសួងបានចេញសេចក្តីថ្លែងការណ៍នេះស្របពេលដែលមានសេចក្តីរាយការណ៏ថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បាន​ឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីថវិកាចំណែករបស់ទីក្រុងសេអ៊ូលចំពោះការចំណាយសម្រាប់ការឈរជើងនៅសហរដ្ឋអាមេរិកដែល​មានកងកម្លាំងអាម៉េរិកកូរ៉េខាងត្បូង (USFK) ចំនួន ២៨.៥០០នាក់។

ក្រសួងនេះបាននិយាយនៅក្នុងសារជាអត្ថបទផ្ញើទៅកាន់អ្នកសារព័ត៌មានថា «ទោះបីជាមានកិច្ចពិគ្រោះយោបល់នៅតែបន្តនៅ​កម្រិតខ្ពស់ទាក់ទងនឹងការចរចារថវិកាបដិភាគការពារជាតិក្តី ក៏កិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានគេធ្វើនៅឡើយទេ»។

ប្រភពមួយបាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Kang Kyung-wha និងរដ្ឋមន្រ្តីក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក Mike Pompeo បានជួបពិភាក្សាគ្នាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ ដើម្បីជួយជំរុញវឌ្ឍនភាពនៅក្នុងកិច្ចចរចា​អំពីការចំណាយក្នុងវិស័យការពារជាតិ។

ក្រសួងនេះបាននិយាយបន្ថែមថា «យើងនឹងបន្តកិច្ចពិគ្រោះយោបល់ ដូច្នេះការចរចាអាចត្រូវបានបញ្ចប់នៅមុនកាលកំណត់»។

អ្នកសង្កេតការណ៍មួយចំនួនបាននិយាយថា អ្នកចរចាមកពីប្រទេសទាំងពីរអាចនឹងកំពុងរង់ចាំការយល់ព្រមចុងក្រោយរបស់​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយគួរសម។

ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានស្ថិតក្រោមសម្ពាធដើម្បីឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ស្តីពីការចំណាយក្នុងវិស័យ​ការពារជាតិ ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងវិធានការពិសេស (SMA) ខណៈដែលពលករកូរ៉េប្រមាណ ៤.០០០នាក់​ដែលធ្វើការនៅ USFK ត្រូវបានបង្ខំឲ្យឈប់សម្រាកដោយមិនបានបង់ប្រាក់បៀវត្សរ៍ ដោយចាប់ផ្តើមពីថ្ងៃពុធកន្លងមកនេះ៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)