ក្រសួងសុខាភិបាល ប្រកាសហាមឃាត់គណនីហ្វេសប៊ុកចំនួន៤ ដែលកំពុងផ្សព្វផ្សាយលក់ម៉ាសអាល់កុល ជែល និងសារធាតុសម្លាប់មេរោគ ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី ០៣ មេសា ២០២០
MC៖ ក្រសួងសុខាភិបាល ប្រកាសហាមឃាត់គណនីហ្វេសប៊ុកចំនួន៤ ដែលកំពុងផ្សព្វផ្សាយលក់ម៉ាស អាល់កុល ជែល និងសារធាតុសម្លាប់មេរោគ ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ដែលនាំអោយប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានអោយដឹងថា យោងតាមការពិនិត្យឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានគណនីចំនួន៤ គឺឈ្មោះ ១.Candy Na ២.បញ្ជា ប្រឹក្សាយោបល់បញ្ហាសុខភាព Tell 098 79 2325 ៣.ផលិតផលCorona-កូរ៉ូណា ៤.ពិភព Product onlie កំពុងផ្សព្វផ្សាយលក់ម៉ាស អាល់កុល ជែល និងសារធាតុសម្លាប់មេរោគ ដែលគ្មានចុះលេខបញ្ជិកា ឬលេខប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតអោយផ្សព្វផ្សាយពីក្រសួងសុខាភិបាល។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលសុខាភិបាល គ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ទាំងអស់នេះជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេស ប៊ុកខាងលើនេះ និងគណនីផ្សេងៗទៀត ដែលនាំចូលលក់ចែកចាយ និងផ្សព្វផ្សាយផលិតផលទាំងនេះ ទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។
សូមបញ្ជាក់ថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ត្រូវការព័ត៌មានបន្ថែម ពីអគ្គនាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦។ សូមភ្ជាប់មកជាមួយនូវរូបភាពគណនេយ្យហ្វេសប៊ុក និងផលិតផលខុសច្បាប់ទាំងនោះ៕