ធនាគារពិភពលោកអនុម័តថវិកា២០លានដុល្លារ ជួយកម្ពុជាឆ្លើយតបការរាលដាលជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា , អត្ថបទ៖ វ៉ាង ភក្តី ០៣ ០៤ ២០២០

ធនាគារពិភពលោក បានអនុម័តលើឥណទានចំនួន២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ(IDA) សម្រាប់គម្រោងឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩នៅកម្ពុជា។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ថា នេះជាឥណទានលើកដំបូងហើយនៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការសម្រាប់ជួយក្នុងសភាពការបន្ទាន់ តាមរយៈយន្តការសេវារហ័សក្នុងពេលមានការរាលដាលវីរុសផ្លូវដង្ហើមដ៏កាចសាហាវកូវីដ-១៩ ដែលត្រូវបាននាយកប្រតិបត្តិនៃធនាគារពិភពលោក អនុម័តកាលពីថ្ងៃម្សិលមិញ។
លោកស្រី មានប្រសាសន៍ថា ហិរញ្ញប្បទានតាមរយៈយន្តការសេវារហ័សនេះ នឹងជួយដល់ប្រទេសកម្ពុជាក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ផ្នែកសុខាភិបាល ដែលមិនធ្លាប់មានពីមុនមក ហើយហិរញ្ញប្បទាននេះ គឺសម្រាប់កម្ពុជាយកទៅប្រើដើម្បីទិញការផ្គត់ផ្គង់គ្រឿងបរិក្ខារ និងឧបករណ៍សម្ភារពេទ្យចាំបាច់នានា ដើម្បីយកមកធ្វើតេស្តរករោគសញ្ញា និងព្យាបាលជំងឺកូវីដ-១៩ ព្រមទាំងកាត់បន្ថយការរាលដាលឆ្លងរបស់មេរោគ ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរាលដាលមេរោគ និងជួយធ្វើយ៉ាងណាឲ្យអ្នកជំងឺឆាប់ជាសះស្បើយ និងសេដ្ឋកិច្ចឆាប់បានងើបឡើងវិញ។ លោកស្រីបន្តថា គម្រោងនេះនឹងជួយកម្ពុជាឲ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញនៅក្នុងផែនការមេកូវីដ-១៩ របស់ខ្លួន ក្នុងនោះរួមមាន ការពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ ការរកឃើញជំងឺឲ្យបានរហ័ស ការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺ។ គម្រោងនេះ ក៏នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់មណ្ឌលដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយ នឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញានៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង២៥ខេត្ត-ក្រុង។ លើសពីនេះ គម្រោងក៏នឹងជួយទៅលើការចំណាយក្នុងការជាវការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់យកមកព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរាលដាលនៃការឆ្លងមេរោគ ព្រមទាំងជួយផងដែរដល់វិធានការដាក់ពង្រាយឲ្យបានរហ័សនូវក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស តាមរយៈការជួលនិងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិកបន្ថែម ពង្រឹងសមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ និងបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់នៅកម្រិតខេត្ត។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានឲ្យដឹងថា ធនាគារពិភពលោកកំពុងតែអនុវត្តកម្មវិធីកញ្ចប់ហិរញ្ញវត្ថុចំនួន១៤ប៊ីលានដុល្លារអាមេរិក តាមយន្តការបញ្ចេញរហ័ស សម្រាប់ពង្រឹងការឆ្លើយតបទៅនឹងការរាតត្បាតរបស់កូវីដ-១៩ នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ និងជួយធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចឆាប់ស្តារងើបឡើងវិញ។ វិធានការឆ្លើយតបភ្លាមៗរួមមានជំនួយហិរញ្ញវត្ថុ ការផ្តល់ប្រឹក្សាគោលនយោបាយ និងជំនួយបច្ចេកទេស ដល់បណ្តាប្រទេសឲ្យមានលទ្ធភាពលៃលកផលប៉ះទង្គិចរបស់ការរាត្បាតនេះទៅលើសេដ្ឋកិច្ច និងសុខាភិបាល។
ជាមួយគ្នានេះដែរ ក្រុមធនាគារពិភពលោក ក៏ត្រៀមខ្លួននឹងដាក់ចេញកញ្ចប់ហិរញ្ញវត្ថុរហូតដល់ទៅ១៦០ប៊ីលានដុល្លារ សម្រាប់រយៈពេល១៥ខែ ដើម្បីការពារជនក្រីក្រនិងជនងាយរងគ្រោះ ជួយជ្រោមជ្រែងដល់ធុរកិច្ច និងជួយជំរុញសេដ្ឋកិច្ចឲ្យឆាប់ងើបឡើងវិញ នាពេលខាងមុខ៕