របាំត្រុដិមានអត្ថន័យបណ្តោញឧបទ្រពចង្រៃ ដើម្បីសុំនូវសេចក្តីសុខសេចក្តីចម្រើន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖របាំត្រុដិត្រូវបានគេយកមកលេងក្នុងអត្ថន័យបណ្តោញឧបទ្រពចង្រៃ ដើម្បីសុំនូវសេចក្តីសុខសេចក្តីចម្រើន ហើយជាមរតករវប្បធម៌ជនជាតិខ្មែរ ដែលមានតម្លៃស្ថិតស្ថេរមកដល់សព្វថ្ងៃ ។

ឯកឧត្តម ញៀន ភឿន រដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា និងជាសមាជិក គណៈកម្មាធិកាជាតិ​រៀបចំបុណ្យជាតិនិងអន្តរជាតិ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា របាំត្រុដិជា របាំមួយប្រភេទដែលគេ​តែងតែសម្តែងនៅក្នុងពិធីបុណ្យផ្សេងៗ ភាគច្រើនគឺបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិខ្មែរ ដើម្បីប្រសិទ្ធនូវសព្ទសាធុការពរ សុំសេចក្តីសុខចម្រើននិងបណ្តោញឧបទ្រពចង្រៃ ។
សំឡេង «បើនិយាយឲ្យពិតប្រាកដមែនទែនរបាំត្រុដិគឺជារបាំគេរំងាប់ឧបទ្រព របាំនឹង អញ្ចឹងគេយកមកលេងមិនមែនត្រឹមតែចូលឆ្នាំទេ ឧទាហរណ៍គេធ្វើបុណ្យនៅផ្ទះសំប្បែងគេយកត្រុដិទៅលេងនិង បានសេចក្តីថាការរំងាប់ឧបទ្រព សម្រាប់ប្រដេញឧបទ្រព»។
ឯកឧត្តម ញៀន ភឿន បានឲ្យដឹងថា ប្រដាប់ប្រដាដែលត្រូវយកមកលេងនូវរបាំត្រុដិ មានដូចជា កញ្ឆា ចង្ក្រង់ ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូច ជាដើម ។ ចំពោះគ្រឿងតុបតែង វិញ មានដូចជា មុខ ត្លុក មកុដស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និង ក្រចក ។ តួសម្តែងរបាំត្រុដិជាមធ្យមមានចំនួន២៥នាក់ ដែលក្នុងនោះ មានអ្នកកាន់ដងកញ្ឆា តំណាងឱ្យដងក្លស់, អ្នកពាក់មុខភ្លុកតំណាងព្រានព្រៃឬទេវតាក្រឡាខ្លួន, អ្នកពាក់មុខប្រើសទន្សោង តំណាងមាឬសភាវៈអាក្រក់, តួរាំ មានតួឯក តួនាង, ពួកភ្លេងតំណាងទេវតា និងតួអ្នកពាក់ក្រចក ជាតួបន្ទាប់បន្សំ ។
សូមបញ្ជាក់ថា របាំត្រុដិ ជារបាំជនជាតិសំរ៉ែ ដែលជាជនជាតិដើមមួយរស់នៅតាំងពីបុរាណកាលមក។ ជនជាតិសំរ៉ែសព្វថ្ងៃរស់នៅច្រើននៅភូមិភាគខាងជើងបឹងទន្លេសាប។ ជារៀងរាល់ពេលចូលឆ្នាំជនជាតិសំរ៉ែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅអង្គរ ហើយជារបាំប្រជាប្រិយមួយបែប ដែលគេនិយមលេងពេលចូលឆ្នាំថ្មីដើម្បីប្រសិទ្ធិពរដល់អ្នកស្រុក។ ម្យ៉ាងទៀតរបាំត្រុដិនេះក៏បានផ្សាភ្ជាប់ និងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួតផងដែរ៕