ប្រជាពលរដ្ឋដែលមានចំណូលមធ្យមនិងទាបកាត់បន្ថយការចំណាយខ្ជះខ្ជាយ ដើម្បីធានាការ ផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ

វិទ្យុជាតិកម្ពុជា៖ស្រីផល
MC៖ប្រជាពលរដ្ឋដែលមានចំណូលមធ្យម និងទាប កាត់បន្ថយការចំណាយខ្ជះខ្ជាយ ដើម្បីធានាការផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលជម្ងឺកូវីដ១៩បានបង្កផលប៉ះពាល់មួយចំនួនដល់សេដ្ឋកិច្ចសង្គមនិងគ្រួសារ។

លោក សេង ហ៊ន់ ជាអាជីវករមួយរូបនៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ឥលូវនេះគាត់ចេះកាត់បន្ថយការចាយវាយខ្ជះខ្ជាយ ហើយងាកមកសន្សំសំចៃ ដូចជាការហូបចុកនៅក្នុងក្រុមគ្រួសារ មិនជួបជុំនៅខាងក្រៅ ដោយវិធានការនេះមិនត្រឹមតែការពារមិន អោយឆ្លងជម្ងឺកូវីដ១៩ប៉ុណ្ណោះទេ ថែមទំាងសល់ថវិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ផងដែរ។
លោកបញ្ជាក់ថា ការធ្វើបែបនេះដោយសារតែការរកស៊ីលក់ដូរ របស់គាត់មានការធ្លាក់ចុះ ទទួលបានចំណូលតិចតួចក្នុងជីវភាពប្រចាំថ្ងៃ ។
សំលេង៖ ពីមុនខ្ញុំធ្លាប់តែរកបាន មានភ្ញៀវមានអីច្រើន ប៉ុន្តែឥឡូវពេលបិទអាជីវកម្មអញ្ចឹងខ្ញុំត្រូវបាត់ចំណូលទាំងមូល ដែលជាផលវិបាករបស់ខ្ញុំ ប៉ុន្តែតាំងពីបិទមកធ្វើឲ្យខ្ញុំ ចេះសន្សំសំចៃការចាយវាយ ការដើរលេងទៅនេះទៅនោះ កាត់បន្ថយទី១ការជួបជុំ ទី២ការដើរលេងតាមខេត្តតាមអីចឹងដល់ពេលនឹងធ្វើឲ្យខ្ញុំត្រូវចេះសន្សំៗពីចឹងត្រូវនៅតែផ្ទះ ព្រោះខ្លាចឆ្លងជំងឺហ្នឹង ប៉ុន្តែរាជរដ្ឋាភិបាលធ្វើអញ្ចឹងគឺទង្វើមួយដែលត្រឹមត្រូវ ប្រសិនបើគាត់បានទប់ស្កាត់ដោយវិធីហ្នឹងទេជំងឺនិងវាកាចសាហាវវាងាយនឹងឆ្លងអញ្ចឹង ខ្ញុំគិតថាប្រទេសយើងមានការកើនឡើងកាន់តែច្រើនទៅៗ ពិបាកក្នុងការទប់ស្កាត់ ដល់ពេលពួកគាត់ផ្អាកអាជីវកម្មមួយចំនួន ចឹងទៅបិទបៀរហ្គាឌិនបិទអីអញ្ចឹងទៅ ធ្វើឱ្យងាយស្រួលក្នុងការទប់ស្កាត់ និងការព្យាបាល ហើយយើងនៅតែផ្ទះចូលរួមចំណែកគ្នាចឹង ខ្ញុំគិតថាវាអាចជួយច្រើន ក្នុងការលុបបំបាត់ជំងឺនេះ។
ចំណែកឯ កញ្ញា នីកា ជាអាជីវករនៅក្នុងផ្សារថ្មី ក៍បានប្រាប់ឲ្យដឹងដែរថា ក្នុងកំឡុងពេលជម្ងឺកូវីដ១៩នេះបានផ្ទុះឡើង បានធ្វើឲ្យមុខរបររកស៊ីរបស់គាត់មានការថ្លាធ្លាក់ចុះដែរ ប៉ុន្តែគាត់អាចបង្វែរពីការលក់ដូរនៅកន្លែងទៅជាការលក់បែបអនឡាញវិញ ដែលអាចជួយកាត់បន្ថយការខ្វះខាតក្នុងជីវភាពរបស់គាត់។ក្នុងនោះដែរកញ្ញាក៍បានសន្សំសំចៃនៅក្នុងគ្រួសារ ដោយកាត់បន្ថយការទិញរបស់ណាដែលមិនចាំបាច់ កាត់បន្ថយការដើរលេងទៅកន្លែងផ្សេងៗជាដើម។
សូមបញ្ជាក់ដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងអាជ្ងាធរមានសមត្ថកិច្ច នៅតែបន្តណែនាំ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ដោយអប់រំប្រជាពលរដ្ឋឲ្យបង្កើនការធ្វើអនាម័យជាប់ជាប្រចាំកាត់បន្ថយការជួបជុំក្នុងករណីសង្ស័យសូមទៅពិគ្រោះយោបល់នៅមណ្ឌលសុខភាព ហើយអ្វីដែលសំខាន់ គឺត្រូវយល់ដឹងអំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ជៀសវាងការចម្លងដល់គ្រួសារ និងរីករាលដាលក្នុងសហគមន៍ ៕