មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលវាយតម្លៃថា វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍មានការីកចំរើនគួឱ្យកត់សម្គាល់ ដោយអ្នកជួលសេវាទូរស័ព្ទចល័តមានចំនួន២១.៦៧៥.៥២៣ ស៊ីមកាត

វីទ្យុជាតិកម្ពុជា : ហាន់ ស្រីណា ០២.០៤.២០

MC: មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលវាយតម្លៃថា ប្រៃសណីយ៍និងទូរគមនាគមន៍នៅកម្ពុជាមានការីកចំរើនគួឱ្យកត់សម្គាល់ដោយបានចូលរួមចំណែកការអភិវឌ្ឍសង្គមកិច្ច ធនធានមនុស្ស ការសិក្សាស្រាវជ្រាវ ការធ្វើពាណិជ្ជកម្មសេវារដ្ឋបាលសាធារណៈ។

ក្នុងពិធីផ្ទេរនិងប្រគល់តំណែងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នាថ្ងៃទី០២ខែមេសានេះ  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អតីតរដ្ឋមន្ត្រីក្រសួប្រៃសណីយដែលបានដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រយៈពេលជិត៥ឆ្នាំកន្លងមក ដែលធ្វើឱ្យវិស័យនេះមានការប្រែប្រួលរីកចម្រើនគួរឱ្យកត់សម្គាល់ឆ្លើយតបទៅនិងគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ថ្មីនឹងបន្តខិតខំអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចំរើនថែមទៀត។

យោងតាមរបាយការណ៏របស់ក្រសួងប្រៃសណីយ៍ដែលវិទ្យុជាតិទទួលបានបានឪ្យដឹងថា ស្របទៅនិងបរិក្ខាររីកចម្រើនឆាប់រហ័សនៃបច្ចេកវិទ្យានិងឥរិយាបថអ្នកប្រើប្រាស់សេវាផ្នែកនេះក្រសួងប្រៃណីយ៍កម្ពុជាបានយកចិត្តទុកដាក់ពង្រឹងខ្លួនជាបន្តបន្ទាប់លើការដឹកនាំការគ្រប់គ្រងធនធានមនុស្សការគ្រប់គ្រងខ្សែសង្វាក់អាជីវកម្មព្រមជាមួយការសិក្សាពីការដាក់ទុនវិនិយោគក្នុងការបំពាក់បច្ចេកវិទ្យាថ្មី ។ការគិតគូរនិងស្វែងយល់អំពីឱកាសការងារធ្វើអាជីវកម្មតាមការធ្វើពិពិធកម្មសេវាកម្មឲ្យកាន់តែសម្បូរបែបដូចជាការជំរុញធ្វើសេវាកម្មអេឡិចត្រូនិចនិងសេវាហិរញ្ញវត្ថុព្រមជាមួយការដាក់បញ្ចូលនៅជាមួយទីតាំងអាគារលក់ដូរធំៗនិងការពង្រីកសាខានៅតាមទីប្រជុំជនសំខាន់សំខាន់ផងដែរដើម្បីបង្កភាពងាយដល់អ្នកប្រើប្រាស់អោយស្របតាមបច្ចេកវិទ្យាជឿនលឿន។

គិតមកដល់បច្ចុប្បន្ននេះចំនួនអ្នកជួលសេវាទូរស័ព្ទចល័តមានចំនួន២១.៦៧៥.៥២៣ (ស៊ីមកាត)ស្មើ ១៤១,២៨%នៃចំនួនប្រជាជននិងទូរស័ព្ទអចល័ត អ្នកជួលជាវសេវាចំនួន ៥៧.៤៣៨នាក់ស្មើ០,៣៧%នៃចំនួនប្រជាជនដោយឡែកអ៊ីនធឺណិត(ចល័តនិងអចល័ត)មានអ្នកជួលជាវសេវាចំនួន១៦.៣៥០.៤៦០នាក់ស្មើ១០៦,៩៤%នៃចំនួនប្រជាជន ពិសេសហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាច្រើនត្រូវបានដាក់អោយដំណើរការរូបមាន ខ្សែកាបក្រោមបាតសមុទ្រត្រូវបានតភ្ជាប់ចំនួន២គឺ១.ទៅប្រទេសម៉ាឡេស៊ីនិងថៃឡង់ដ៍(MCT)និងទី២.ខ្សែកាបក្រោមបាតសមុទ្រដែលតភ្ជាប់ពីអាស៊ីអាគ្នេយ៍ទៅអឺរ៉ុបដោយឆ្លងកាត់ប្រទេសអេហ្ស៊ីបនិងបណ្ដាញខ្សែកាប្លិ៍អុបតិចលើគោកបានពង្រីកជាបន្តបន្ទាប់និងបានតភ្ជាប់ពីរាជធានីភ្នំពេញទៅគ្រប់ស្រុកខណ្ឌទូទាំងប្រទេសមានប្រវែង៤៣.០០០គីឡូម៉ែត្រ។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏មានគម្រោងក្នុងការតភ្ជាប់ខ្សែអុបទិកក្រោមបាតសមុទ្រទៅហុងកុងដែលអាចពង្រឹងសមត្ថភាពនៃលំហូរទិន្នន័យធំទូលាយនិងល្បឿនកាន់តែរហ័សស្របតាមគុណភាពនិងស្តង់ដារ ។

 

របាយការណ៏ការដដែលបានអោយដឹងទៀតថា តាមរយៈការអនុវត្តយន្តការកាតព្វកិច្ចសេវាកម្មសកល (USO) ប្រតិបត្តិករទូរគមនាគមន៍ភាគច្រើនបានចូលរួមបំពេញកាតព្វកិច្ចបង់វិភាគទានដើម្បីពង្រីកការតភ្ជាប់ ឌីជីថលឲ្យដល់ទីជនបទហើយតំបន់អទិភាពចំនួន ៧ត្រូវបានជ្រើសរើសជាតំបន់សាកល្បងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដើម្បីពង្រឹងវិសាលភាពគ្របដណ្ដប់ចំពោះតំបន់ទាំងឡាយដែលមិនទាន់មានសេវាគ្របដណ្ដប់ឬទីតាំងដែលមានកម្លាំងសេវាទូរស័ព្ទនៅខ្សោយជាដើម។ក្នុងនោះរួមមាន: ស្រុកទឹកផុស ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ,ស្រុកល្វាឯម ស្រុកស្អាង ខេត្តកណ្ដាល ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងតំបន់អារ៉ែងខេត្តកោះកុងជាដើម។បច្ចុប្បន្នស្ថានីយទូរស័ព្ទចល័តចំនួន ៤៤ ត្រូវបានសាងសង់និងបំពាក់បរិក្ខារនៅក្នុងភូមិសាស្ត្រខាងលើនិងបានដាក់ឱ្យដំណើរការសេវាកម្មរួចរាល់ហើយផងដែរ៕