អង្គការលើកលែងទោសអន្តរជាតិ ចោទប្រកាន់សហរដ្ឋអាមេរិកថា បានសម្លាប់ជនស៊ីវិលនៅក្នុងប្រទេសសូម៉ាលី

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ — អង្គការលើកលែងទោសអន្តរជាតិដែលជាអង្គការមិនមែនរដ្ឋាភិបាល (NGO) បានចោទប្រកាន់ កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក អំពីការកើនឡើងនូវចំនួនជនស៊ីវិលដែលរងគ្រោះ នៅក្នុងប្រទេស សូម៉ាលី ដែលជាលទ្ធផលនៃ «សង្រ្គាមខ្យល់សម្ងាត់» ដែលសកម្មភាពមួយចំនួនជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ អង្គការមិនមែនរដ្ឋាភិបាលនេះបាន​ចេញផ្សាយរបាយការណ៍របស់ខ្លួន ស្តីពីផលប៉ះពាល់នៃបញ្ជាការអាម៉េរិកអាហ្រ្វិក (AFRICOM) ដែលបានធ្វើការវាយប្រហារនៅលើ​គេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធ។

លោក Deprose Muchena នាយកអង្គការលើកលែងទោសអន្តរជាតិសម្រាប់តំបន់អាហ្រ្វិកខាងកើត និងអាហ្វ្រិកខាងត្បូងបាននិយាយថា «ចំនួនភ័ស្តុតាងកំពុងមានការកើនឡើង ហើយវាគួរឲ្យស្អប់ខ្ពើមណាស់។ មិនត្រឹមតែបរាជ័យក្នុងបេសកកម្ម AFRICOM របស់​ខ្លួនដែលរាយការណ៍អំពីជនស៊ីវិលរងគ្រោះនៅក្នុងប្រទេសសូម៉ាលីប៉ុណ្ណោះទេ ប៉ុន្តែវាហាក់ដូចជាមិនខ្វល់អំពីជោគវាសនារបស់ក្រុម​គ្រួសារជាច្រើនដែលកំពុងមានការបែកបាក់គ្នាទាំងស្រុងនោះសោះ។

លោកបានកត់សម្គាល់ថា អង្គការនេះមានភ័ស្តុតាងដែលបង្ហាញថា សហរដ្ឋអាមេរិកបានធ្វើឲ្យជន ស៊ីវិលរងគ្រោះ និងស្លាប់ ដូចជាក្រុមភេរវករ ដោយក្នុងនោះមានការវាយប្រហារតាមអាកាសចំនួន ២ របស់ AFRICOM ទៅលើជនស៊ីវិល ដែលបានធ្វើឡើង​កាលពីថ្ងៃទី ២ និងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ។

របាយការណ៍នេះបាននិយាយថា «បន្ទាប់ពីការវាយប្រហារទាំងពីរនេះរួច AFRICOM បានចេញ សេចក្តីប្រកាសព័ត៌មានដោយ​អះអាងថា ខ្លួនបានសម្លាប់ក្រុមភេរវករអាល់សាបាប (Al-Shabaab) ដោយមិនផ្តល់ភ័ស្តុតាងនៃការពាក់ព័ន្ធរបស់ជនរងគ្រោះដោយ​ភ្ជាប់ទៅនឹងក្រុមប្រដាប់អាវុធផ្សេងទៀតទេ»។

នៅមុននេះ ការចោទប្រកាន់ប្រហាក់ប្រហែលគ្នានេះក៏ត្រូវបានដាក់ចេញផងដែរដោយគេហទំព័រព័ត៌មានមួយចំនួនរបស់ប្រទេស​សូម៉ាលី។

ក្នុងពេលជាមួយគ្នានេះផងដែរ AFRICOM បានប្រកាសកាលពីថ្ងៃទី ៣១ ខែមីនា ថា ខ្លួននឹងផ្សព្វផ្សាយអំពីរបាយការណ៍របស់​ខ្លួនក្នុងពេលឆាប់ៗនេះ ដែលនៅក្នុងនោះ ខ្លួននឹងផ្តល់ទិន្នន័យលម្អិតស្តីពីគោលដៅដែលត្រូវបានវាយប្រហារនៅក្នុងប្រទេសសូម៉ាលី​ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងភេរវកម្មរបស់ខ្លួន៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)