ឧក្រិដ្ឋកម្មព័ត៌មានវិទ្យាជាង ៦០.០០០ករណីត្រូវបានប្រព្រឹត្ត ក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេល ២ខែ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ — មជ្ឈមណ្ឌលសារព័ត៌មាននៃក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេសរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ប៉ូលិសបានរាយការណ៍អំពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យាជាង ៦០.០០០ករណីនៅក្នុងខែមករា និងខែកុម្ភៈ ក្នុងឆ្នាំនេះ នៅក្នុង​ប្រទេសរុស្ស៊ី។

របាយការណ៍នេះបាននិយាយថា «ក្នុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២០ ឧក្រិដ្ឋកម្មជាង ៦០.០០០ករណី បានប្រព្រឹត្តដោយប្រើ​ប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ ឬក្នុងវិស័យព័ត៌មានវិទ្យា កុំព្យូទ័រ ដែលត្រូវបានកត់ត្រាទុក។ ស្ទើរតែទាំងអស់នៃ​ឧក្រិដ្ឋកម្មទាំងនេះ (៩៨,៦ភាគរយ) ត្រូវបានរកឃើញដោយទីភ្នាក់ងារកិច្ចការផ្ទៃក្នុង។ ផ្នែកសំខាន់មួយនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានប្រព្រឹត្ត​តាមរយៈចោរកម្ម ឬការលួចបន្លំ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរុស្ស៊ី លោក Vladimir Kolokoltsev បាននិយាយកាលពីចុងខែកុម្ភៈថា ចំណែកនៃឧក្រិដ្ឋកម្ម​តាមអ៊ីនធឺណិតនៅក្នុងប្រទេសរុស្ស៊ីបានឈានដល់ជិត ១៥ភាគរយ ក្នុងឆ្នាំ ២០១៩ ហើយវានៅតែបន្តកើនឡើងទៀត។ «ការយកចិត្តទុកដាក់​ជាពិសេសត្រូវបានធ្វើឡើងក្នុងការរកឃើញ ការដោះស្រាយ និងការស៊ើបអង្កេតបទឧក្រិដ្ឋដែលបានកើតឡើងជាមួយនឹងការប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មានវិទ្យា។ ការកើនឡើងនៃសកម្មភាពព្រហ្មទណ្ឌប្រភេទនេះបានជះឥទ្ធិពលដល់ថាមវន្ត និងរចនាសម្ព័ន្ធនៃឧក្រិដ្ឋកម្ម​ទាំង          មូល។ ចំណែក [ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត) បានឈានដល់ ១៥ភាគរយ ហើយវានៅតែបន្តកើនឡើង»។

លោកបានកត់សម្គាល់ថា បញ្ហានេះពាក់ព័ន្ធសម្រាប់ប្រទេសអភិវឌ្ឍន៍ភាគច្រើននៅក្នុងពិភពលោក ដោយយោងតាមអង្គការ​សហប្រជាជាតិបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ហានេះបានកើតឡើងនៅទូទាំងពិភពលោកដោយសារតែការធ្វើឌីជីថល​នីយកម្ម នៅក្នុងបរិយាកាស នៃសកម្មភាពរបស់មនុស្ស៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)