កូរ៉េខាងត្បូងចាប់ផ្តើមធ្វើការបោះឆ្នោតនៅក្រៅប្រទេសសម្រាប់ការបោះឆ្នោតជាសកល នៅថ្ងៃទី ១៥ ខែមេសា ចំពេលដែលកំពុងមានការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ — ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមការបោះឆ្នោតនៅក្រៅប្រទេសរយៈពេល ៦ថ្ងៃ សម្រាប់ការ​បោះឆ្នោតសភាក្នុងខែមេសា នៅថ្ងៃពុធនេះ ដោយមានតែអ្នកមានសិទ្ធិបោះឆ្នោតប្រមាណពាក់កណ្តាលប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត​ឲ្យធ្វើការបោះឆ្នោតដោយសារតែបញ្ហាមេរោគកូរ៉ូណាវីរុសថ្មី។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) និងក្រសួងការបរទេសរបស់ទីក្រុង សេអ៊ូលបានឲ្យដឹងថា អ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតប្រមាណ ៨៦.០០០នាក់នៅក្នុងប្រទេសចំនួន ៦៦ ត្រូវទៅបោះឆ្នោតអវត្តមានរបស់ពួកគេ សម្រាប់ការបោះ​ឆ្នោតថ្ងៃទី ១៥ ខែមេសាខាងមុខនេះរហូតដល់ថ្ងៃចន្ទ។

ចំនួនអ្នកបោះឆ្នោតបានកត់សម្គាល់នូវការធ្លាក់ចុះយ៉ាងសំខាន់ពីចំនួនប្រជាជនដើមចំនួន ១៧២.០០០នាក់ ខណៈដែលចំនួន​បេសសកម្មការទូតកូរ៉េខាងត្បូង ៨៦នាក់នៅក្នុងប្រទេសចំនួន ៥១ រួមទាំងសហរដ្ឋអាមេរិក និងអ៊ីតាលី បានផ្អាកដំណើរការបោះឆ្នោត​នៅក្រៅប្រទេស ចំពេលដែលមានការបិទ ព្រំដែន និងការបិទទ្វារប្រទេសនៅក្នុងប្រទេសម្ចាស់ផ្ទះដោយសារការភ័យខ្លាចនៃវីរុសនេះ។

ការបោះឆ្នោតនៅបរទេសបានចាប់ផ្តើមនៅក្នុងបេសកកម្មការទូតនៅអាស៊ី និងអូស្ត្រាលី។

មន្រ្តីនៃបេសកកម្មការទូតនៅបរទេសបានរៀបចំអនាម័យដៃ នឹងប្រើប្រាស់ស្រោមដៃប្លាស្ទិក និងរៀបចំម៉ាស៊ីនថតតាមដានកម្ដៅ​នៅការិយាល័យបោះឆ្នោត ដើម្បីការពារហានិភ័យនៃការឆ្លងមេរោគកូរ៉ូណា វីរុស។

លោក Kim Yi-jong ដែលជាអ្នកបោះឆ្នោតដំបូងគេបាននិយាយនៅទីក្រងស៊ីដនីថា «វាជាការគួរឲ្យសោកស្តាយដែលខ្ញុំមិនអាច​បោះឆ្នោត​ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី (ក្នុងខែឧសភា ឆ្នាំ ២០១៧) ដោយសារខ្ញុំខកខាននៅក្នុងរយៈពេលពេលនៃការចុះ​ឈ្មោះសម្រាប់ការបោះឆ្នោតនៅក្រៅ ប្រទេស។ ខ្ញុំពិតជារីករាយណាស់ ដែលខ្ញុំបានប្រើប្រាស់សិទ្ធិបោះឆ្នោតនៅពេលនេះ»។

នៅក្នុងប្រទេសជប៉ុន ស្ថានីយបោះឆ្នោតត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង និងតំបន់ចំនួន ១០ រួមមានទីក្រុងតូក្យូ និងអូសាកា។

ដោយសារប្រទេសជប៉ុនមិនបានដាក់បម្រាមនៃការចល័តរបស់ប្រជាជនទេ ដូច្នេះបានធ្វើឲ្យការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាង​រលូន។

ស្ថានីយ៍បោះឆ្នោតក៏ត្រូវបានបើកផងដែរនៅស្ថានទូតកូរ៉េខាងត្បូងនៅក្នុងទីក្រុងប៉េកាំង និងបេសកកម្មការទូតនៅទីក្រុងចំនួន ៧ របស់ប្រទេសចិន និងហុងកុងផងដែរ៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)