ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អនុវត្តនីតិវិធីសម្រាប់ការផ្តល់សច្ចាប័នលើ EVFTA

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ — ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននឹងកំពុងសម្របសម្រួលជាមួយក្រសួង និងមន្ទីរពាក់ព័ន្ធនានា ដើម្បីបំពេញរាល់នីតិវិធីចាំបាច់សម្រាប់ការផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) ។

យោងតាមក្រសួងនេះបានឲ្យដឹងថា កាលពីថ្ងៃទី​៣០ ខែមីនា ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចផ្តល់សច្ចាប័នដល់ EVFTA ដែលត្រូវបានអនុម័តដោយសភាអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងមក ។

ក្រសួងនេះបាននិយាយថា ការសម្រេចចិត្តនេះ គឺជាជំហានចុងក្រោយនៃច្បាប់អនុម័តក្រោមនីតិវិធីអនុម័តផ្ទៃក្នុងរបស់ EU ដែលរំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងនេះចូលជាធរមាន។

ក្រសួងនេះបាននិយាយបន្ថែមថា នៅពេលដែលបានផ្តល់សច្ចាប័នដោយរដ្ឋសភាវៀតណាមនៅក្នុងខែឧសភាឆ្នាំនេះហើយ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន។

យោងតាមកិច្ចព្រមព្រៀងនេះ ប្រទេសវៀតណាមនឹងកាត់បន្ថយពន្ធនាំចូល ៦៥ភាគរយទៅលើទំនិញរបស់សហភាពអឺរ៉ុបបន្ទាប់​ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ខណៈដែលពន្ធនៅសល់នឹងត្រូវលុបចោលក្នុងរយៈពេល ១០ឆ្នាំ។ ទន្ទឹមនឹងនេះដែរ សហភាពអឺរ៉ុប នឹងកាត់បន្ថយពន្ធជាង ៧០ភាគរយទៅលើទំនិញវៀតណាមបន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ខណៈដែលពន្ធនៅសល់នឹងត្រូវ​លុបចោលក្នុង រយៈពេល ៧ឆ្នាំបន្តទៀត៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)