ព្រះមហាក្សត្រ សព្វព្រះរាជហឫ័យចំពោះការអនុវត្តការងាររបស់រដ្ឋសភា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫ័យចំពោះការអនុវត្តការងាររបស់រដ្ឋសភា ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដើម្បីសន្តិសុខសង្គមជាតិ សំដៅធានាបាននូវសង្គមជាតិកម្ពុជា ប្រកបដោយភាពសុខដុមរមនា និងការអភិវឌ្ឍបន្តទៅទៀត។
ព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ផ្ញើជូនរដ្ឋសភា ក្នុងឱកាសបើកបវេសនកាលនៃសម័យប្រជុំពេញអង្គលើកទី៤បនីតិកាលទី៦ នៅថ្ងៃទី២ ខែមេសានេះ បានលើកឡើងថា រដ្ឋសភាដ៏ឧត្តុង្គឧត្តម ជាតំណាងរបស់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុខបន្តទៀត សំដៅធានាបាននូវសង្គមជាតិកម្ពុជា ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍទៅតាមទិសដៅរួមជាជំហានៗ ។
ព្រះករុណា ព្រះមហាក្សត្រ បន្តថា រដ្ឋសភាបានយកចិត្តទុកដាក់ សហការជាមួយរាជរដ្ឋាភិបាល ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋគ្រប់ទិសទីក្នុងផ្ទៃប្រទេស និងប្រឹងប្រែងបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមគ្រប់វិស័យដោយផ្តោតជាអាទិភាព ទៅលើការកែទម្រង់អភិបាលកិច្ចល្អ ការកសាងសមត្ថភាព អភិវឌ្ឍធនធានមនុស្ស និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងពង្រឹងប្រព័ន្ធគាំពារសង្កមសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ពិសេសអ្នកក្រីក្រ៕