ប្រជាពលរដ្ឋ បានបង្កើនការធ្វើអនាម័យ តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ជំងឺកូវីត១៩

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី ០២ មេសា ២០២០៖

ប្រជាពលរដ្ឋ បានបង្កើនការធ្វើអនាម័យតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ជំងឺកូវីត១៩ អោយបាននៅក្នុងប្រទេសកម្ពុជា។
អ្នកយកព័ត៍មានយើងធ្វើសេចក្ដីរាយការណ៍បន្ថែម៖
លោក សៅ ចាន់រ៉ា ប្រជាពលរដ្ឋ រស់នៅខេត្តស្វាយរៀង បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ដោយសារតែមានការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានធ្វើសេចក្ដីណែនាំជាច្រើន ពីការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណ ដូច្នេះមុនពេលទៅណាមកណា និង ពេលត្រលប់មកផ្ទះវិញលោកតែងតែលាងដៃជាមួយសាប៊ូ ឬប្រើទឹកលាងដៃ មុននឹងកាន់កូន ឬញុំាអ្វីមួយ ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីត១៩នេះ ។
សំឡេង៖ “ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ ខ្ញុំបានទទួលដំណឹងពីក្រសួងសុខាភិបាល និងការផ្សព្វផ្សាយនានាតាមរយៈ facebook ដូច្នេះខ្ញុំបានយល់ដឹងពីជំងឺកូវីតដែលកំពុងរាតត្បាត ខ្ញុំតែងតែការពារខ្លួនរបស់ខ្ញុំ ដោយការថែរក្សាអនាម័យ ដូចជាការលាងដៃជាញឹកញាប់នៅពេលទៅធ្វើការ មកពីធ្វើការ មុនពេលដែលខ្ញុំប៉ះពាល់កូននឹងការញ៉ាំអាហារ ដូច្នេះខ្ញុំមិនចង់ចម្លងនូវជំងឺពីខាងក្រៅមកឆ្លងដល់កូននិងក្រុមគ្រួសារខ្ញុំទេ ហើយវាជាចំណែកមួយក្នុងការចូលរួមទប់ស្កាត់នូវជំងឺ១៩ដែរ”។
ចំណែក លោកស្រី មាស វណ្ណដា ប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ បានអោយដឹងដែរថា ចំពោះលោកស្រីផ្ទាល់ មិនត្រឹមតែធ្វើអនាម័យខ្លួនឯងទេ សំរាប់កូនចៅក៏ឲ្យពួកគាត់ធ្វើអនាម័យផងដែរ ដើម្បីបង្ការ ជំងឺកូវីត១៩ ពិសេសមិនអនុញ្ញាតពួកគាត់អោយទៅលេងនៅឆ្ងាយពីផ្ទះទេ ។
“ ខ្ញុំគិតថាការធ្វើអនាម័យវាសំខាន់ ក៏ប៉ុន្តែបើយើងធ្វើអនាម័យតែខ្លួនឯងយើងមិនបានគិតគូរពីកូនចៅតូចៗដែលពួកគាត់មិនទាន់ចេះការពារខ្លួន ឬលាងសម្អាតដោយខ្លួនឯងទេ ដូច្នេះដើម្បីបង្ការឱ្យបានទាំងក្រុមគ្រួសារ គឺមិនឱ្យគាត់ទៅលេងនៅកន្លែងណាដែលមនុស្សច្រើនទេ ជាពិសេសគឺខ្ញុំតែងតែយកគាត់ទៅលាងដៃជាញឹកញាប់ជាមួយសាប៊ូ ឬទឹកអាកុល ជាចាំបាច់ដើម្បីថែរក្សាពួកគាត់ឲ្យបានជាផុតពីជំងឺនេះទាំងអស់គ្នា ”។
សូមបញ្ជាក់ថា តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល វិធីដ៏ល្អបំផុតក្នុងការពារការឆ្លងជំងឺកូវីត១៩ ដែលយើងត្រូវចងចាំ និងអនុវត្ត ដូចជា លាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយត្រូវបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត ជាពិសេសជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ៕