ICAPPអំពាវនាវឲ្យមានកិច្ចសហការអន្តរជាតិលើការប្រឆាំងនឹងវីរុសកូវីដ-១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

បណ្ដាគណបក្សនយោបាយលើសកលលោក ដែលហៅកាត់ថា  ICAPP អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលកំពុងក្លាតជាវិបត្តិយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះសុខភាពមនុស្សជាតិ និងសន្តិភាពពិភពលោក និងការអភិវឌ្ឍ។

សេចក្តីអំពាវនាវរួមគ្នាមួយរបស់ ICAPP ចេញផ្សាយកាលពីថ្ងៃទី១ ខែមេសា បានលើកឡើងថា ការរាតត្បាតនៃវីរុសកូវីដ១៩ ចាំបាច់ឲ្យបណ្ដាប្រទេសទាំងអស់ជំរុញទស្សនវិស័យអំពីអភិបាលកិច្ចសកល ក្នុងការសម្រេចបាននូវកំណើនរួម តាមរយៈកិច្ចពិភាក្សា និងការសហការគ្នា និងគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ក្នុងកិច្ចការអភិបាលកិច្ចប្រព័ន្ធសុខាភិបាលសាធារណៈពិភពលោក។

ICAPP ក៏បានស្វាមគមន៍ចំពោះសេចក្តីថ្លែងការណ៍ដ៏មានសារៈសំខាន់របស់កិច្ចប្រជុំកំពូលវិសាមញ្ញ នៃថ្នាក់ដឹកនាំប្រទេសទាំង២០(G20) ស្តីពីវីរុសកូវវីដ-១៩ និងគាំទ្រប្រទេសនានា ដើម្បីបង្កើនការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តក្នុងការទប់ទល់នឹងការរាតត្បាត រួមមានការស្រាវជ្រាវនិងការអភិវឌ្ឍថ្នាំព្យាបាល វ៉ាក់សាំង និងការសាកល្បងជាក់លាក់រួមគ្នា។

ICAPP បានអំពាវនាវឲ្យមានការផ្គត់ផ្គង់សម្ភារ បច្ចេកទេស និងការគាំទ្រផ្សេងទៀត ដល់ប្រទេស កំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានប្រព័ន្ធសុខាភិបាលសាធារណៈទន់ខ្សោយ និងគាំទ្រដល់ប្រទេសទាំងអស់ឲ្យទុកអាយុជីវិត សុវត្ថិភាព និងសុខភាពរបស់ប្រជាជនជាធំជាងអ្វីៗទាំងអស់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ-១៩។

ជាមួយគ្នានេះ ក៏បានគាំទ្រដល់បណ្ដាប្រទេសនានា ក្នុងការដាក់ចេញនូវផែនការ និងយុទ្ធសាស្ត្រត្រៀមក្នុងគ្រាមានអាសន្ននានា ដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះ ទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសរៀងៗខ្លួន និងពង្រឹងកិច្ចសហប្រតិបត្តិការ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ស្មើគ្នា ទាំងលើការទប់ស្កាត់ការបន្តការរីករាលដាលបន្ថែម ទាំងលើការព្យាបាលអ្នកជំងឺ។ 

ICAPP បានលើកទឹកចិត្តឲ្យមានការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបឲ្យបានពេញលេញ ដើម្បីធានាបាននូវលទ្ធផលប្រសើរបំផុត និង ឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន និងអំពាវនាវដល់សាធារណជនទូទៅនៃបណ្ដាប្រទេសទាំងអស់ ឲ្យគោរពតាមវិធានការណ៍បង្កា និងកាត់បន្ថយការរាលដាលនៃជំងឺរាតត្បាតនេះប្រកបដោយស្មារតីទទួលខុសត្រូវផ្នែកសង្គម ដ៏ត្រឹមត្រូវ បូករួមទាំងការបង្កើនកម្លាំងរបស់អង្គការ សង្គមស៊ីវិល និងអ្នកស្ម័គ្រចិត្តឲ្យបានពេញលេញ ដើម្បីប្រមូលផ្តុំនូវកម្លាំងសង្គមសរុប ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ។

ទន្ទឹមនេះ ក៏លើកទឹកចិត្តដល់បណ្តាប្រទេសទាំងអស់ឲ្យបង្កើនការសម្របសម្រួលអន្តរជាតិនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីរក្សាស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុពិភពលោក ក៏ដូចជាខ្សែសង្វាក់ផលិតកម្មឧស្សាហកម្មនិងការផ្គត់ផ្គង់ ព្រមទាំងកាត់បន្ថយនិងលើកលែងពន្ធសម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក៕