ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្កើនវិសាលភាពប្រព័ន្ធរលកធាតុអាកាសឱ្យគ្របដណ្ដប់នៅទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស
MC : ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើនវិសាលភាពប្រព័ន្ធរលកធាតុអាកាសឱ្យគ្របដណ្ដប់នៅទូទាំងប្រទេស ដើម្បីបង្កលក្ខណងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាទូរស័ព្ទ នឹងសេវា Internet អោយបានលឿនឆាប់រហ័សទាន់ចិត្ត ។
ឯកឧត្តម មាស ប៉ូ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍បានដំឡើងអង់តែនចំនួន ៩១ ទីតាំងបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពក្នុងការបញ្ជូន និងទទួលទិន្នន័យឱ្យកាន់តែទូលំទូលាយ ជាពិសេសនៅតំបន់ដាច់ស្រយាល ។
ឯកឧត្តមបានបញ្ជាក់ថា ការដំឡើងអង់តែនថ្មីបន្ថែមនេះ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍប្រទេសជាតិ និងតាមតម្រូវការប្រព័ន្ធសេវាទូរស័ព្ទ ក៏ដូចជាសេវា Internet ពីប្រជាពលរដ្ឋមានការកើនឡើងឥតឈប់ឈរ បន្ទាប់ពីការប្រើប្រាស់អ៊ីនធឺណិតមិនសូវល្អ ដោយសារតែមានល្បឿនយឺត ។
ទន្ទឹមនឹនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានដាក់អនុវត្ដកម្មវិធីកាតព្វកិច្ចសេវាសកល ដែលហៅកាត់ថា ( USO ) ដែលជាកម្មវិធីមួយដែលបង្កើតឡើង ដើម្បីភ្ជាប់សេវាជូនប្រជាពលរដ្ឋស្ថិតនៅតំបន់ដាច់ស្រយាល។
សម្លេង « កម្មវិធីកាតព្វកិច្ចសេវាសកលនេះដែរ ក៏បានធ្វើឱ្យប្រសើរឡើងនៅតំបន់ដាច់ស្រយាលមួយចំនួនដោយ បាន upgrade ពីសេវា2G ទៅសេវា 3Gនិង4G ដោយសារ សេវា 2G គឺាការប្រើប្រាស់អ៊ីនធឺណិតមិនសូវល្អ ដោយសារតែមានល្បឿនយឺត ហេតុនេះ ទើបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបាន Upgrade អង់តែនបន្ថែមបាន ចំនួន ៩១ ទីតាំង ដើម្បីបង្កើនសមត្ថភាពក្នុងការបញ្ជូននិងទទួល ទិន្នន័យ ។ ប្រតិបត្តិករទូរគមនាគមន៍ ត្រូវលើកកម្ពស់ កម្មវិធីកាតព្វកិច្ចសេវាសកល ដោយត្រូវចូលរួមវិភាគទានចំនួន ២ភាគរយ ជារៀងរាល់ឆ្នាំនៃចំណូលដុល ទៅក្នុងមូលនិធិកាតព្វកិច្ចសេវាសកល ដោយទទួលបានថវិកាវិភាគទានរបស់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលយោងតាមច្បាប់ស្តីពី ទូរគមនាគមន៍ » ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតកម្មវិធីសេវាសកលដោយតភ្ជាប់ និងដំឡើងអង់តែនសរុបបានចំនួន ១៣៣ ទីតាំងនៅទូទាំងប្រទេស ស្ទើរតែ ២៤ខេត្តក្រុង ៕