ព្រឹទ្ធសភានឹងពិនិត្យឱ្យយោបល់លើច្បាប់ធានាទូទាត់ឱ្យក្រុមហ៊ុនឯកជនដែលវិនិយោគអគ្គីសនីដុតដោយធ្យូងថ្មនៅខេត្តកោះកុង និងឧត្តរមានជ័យនៅថ្ងៃស្អែកនេះ

វិទ្យុជាតិកម្ពុជា៖ជួន បូណា 01 4 2020៖

ព្រឹទ្ធសភានឹងពិនិត្យឱ្យយោបល់លើច្បាប់ធានាទូទាត់ឱ្យក្រុមហ៊ុនឯកជនដែលវិនិយោគអគ្គីសនីដុតដោយធ្យូងថ្មនៅខេត្តកោះកុង និងឧត្តរមានជ័យនៅថ្ងៃស្អែកនេះ ដើម្បីផ្តល់សេចក្តីទុកចិត្តដល់ក្រុមហ៊ុនទាំងនោះក្នុងការវិនិយោគនៅកម្ពុជា។

ក្រោយបញ្ចប់កិច្ចប្រជុំអចិន្រ្តៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែមេសានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា អង្គប្រជុំបានកំណត់យកថ្ងៃទី០២ ខែមេសាស្អែកនេះ ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្នុងការពិនិត្យ និងឱ្យយោបល់ដោយមានរបៀបវារៈចំនួន៣ ពាក់ព័ន្ធទៅនឹងច្បាប់ធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យទៅក្រុមហ៊ុនឯកជន។
ឯកឧត្ដម ម៉ម ប៊ុននាង បានបញ្ជាក់ថា ការពិនិត្យ និងឱ្យយោបល់នូវច្បាប់ធានាទូទាត់ឱ្យវិស័យឯកជននេះ គឺមានសារសំខាន់ណាស់ ក្នុងលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនដែលវិនិយោគលើវិស័យថាមពលអគ្គីសនីនៅកម្ពុជា ក្នុងការទទួលបានអគ្គីសនីប្រើប្រាស់នៅកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំង៣នេះ រួមមាន ១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន រ៉ូយាល់ គ្រុប អ៊ិន-វេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត ខេត្តកោះកុង ។ ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥មេហ្គាវ៉ាតខេត្តឧត្តរមានជ័យ និងទី៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញ បញ្ជូនអគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត៕