អង្គការសុខភាពពិភពលោកធ្វើការយ៉ាងជិតស្និទ្ធជាមួយតួកគី ដើម្បីការពារភាគពាយ័ព្យនៃប្រទេសស៊ីរីពីជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ — ប្រធានផ្នែកប្រតិបត្ដិនៅភាគពាយ័ព្យនៃប្រទេសស៊ីរីរបស់អង្គការសុខភាពពិភពលោកបាន​និយាយនៅក្នុងបទសម្ភាសន៍មួយថា អង្គការសុខភាពពិភពលោក (WHO) កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសតួកគី ដែលរួមមានទាំងដំណើរការគំរូនៅមន្ទីរពិសោធន៍តួកគី ដើម្បីការពារការឆ្លងរាលដាលនៃជំងឺ COVID-19 ទៅភាគពាយ័ព្យនៃប្រទេសស៊ីរី។

លោក Mahmoud Daher បាននិយាយថា «ការងាររបស់អង្គការសុខភាពពិភពលោកនៅភាគ ពាយ័ព្យប្រទេសស៊ីរី គឺផ្អែកទៅ​លើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា​សន្តិសុខ ដែលអនុញ្ញាតឱ្យមានការ ផ្តល់ជំនួយមនុស្សធម៌ពីព្រំដែនប្រទេសតួកគីចូលទៅក្នុងភាគ​ពាយ័ព្យនៃប្រទេសស៊ីរីនេះ។ នៅក្នុងបរិបទនៃរោគរាតត្បាតនេះ អង្គការសុខភាពពិភពលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ​តួកគីអំពីការទទួលបាន ការសម្របសម្រួល និងដំណើរការគំរូនៅក្នុងមន្ទីរពិសោធន៍តួកគី»។

មន្ត្រីអង្គការសុខភាពពិភពលោកក៏បានសង្កត់ធ្ងន់ផងដែរថា ប្រតិបត្តិការរបស់ពួកគេនៅក្នុងតំបន់ដែលគ្រប់គ្រងដោយ​រដ្ឋាភិបាលនៅទូទាំងប្រទេសស៊ីរីកំពុងត្រូវបានអនុវត្តន៍ដោយ​សហការជាមួយបណ្តាអាជ្ញាធរមូលដ្ឋាន។

មន្រ្តីនោះបាននិយាយថា អង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមាននៃជំងឺ COVID-19 ទៅលើប្រជាជនស៊ីរីរាប់លាន​នាក់ ជាពិសេសប្រជាជនជាង ៩០០.០០០នាក់​ដែលនៅតែបន្តផ្លាស់ទីលំនៅនៅភាគពាយ័ព្យនៃប្រទេសនេះ​ដោយសារតែភាពប្រទូសរ៉ាយដែលកំពុងកើតមាន។

លោក Daher បាននិយាយបន្ថែមថា «នៅក្នុងបរិយាកាសដែលមានភាពលំបាករួចទៅហើយនេះ អភិបាលកិច្ចនៅភាគពាយ័ព្យ នៃប្រទេសស៊ីរីទំនងជាមានការត្រៀមរៀបចំដ៏អាក្រក់បំផុតដើម្បីដោះស្រាយជាមួយជំងឺ COVID-19 ។ អង្គការសុខភាពពិភពលោក ក៏កំពុងអំពាវនាវដល់សហគមន៍អន្តរជាតិ និងម្ចាស់ជំនួយរបស់ខ្លួន ឱ្យបង្កើនការគាំទ្រសម្រាប់ការឆ្លើយតបទៅនឹងជំងឺ COVID-19 នៅភាគពាយ័ព្យប្រទេស ស៊ីរី ដែលបច្ចុប្បន្ននេះកំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក បើទោះបីជាបានជួបប្រទះជម្លោះជាង ៩ឆ្នាំ និងការផ្លាស់ទីលំនៅជាច្រើនយ៉ាងណាក៏ដោយ»។

លោកបានព្រមានអំពីផលវិបាកដែលអាចកើតមាននៃការផ្អាកស្ថានីយបូមទឹកសំខាន់របស់អភិបាល Hasakah ។

លោក Daher បាននិយាយថា «មានមនុស្សរាប់រយរាប់ពាន់នាក់ដែលនឹងរងផលប៉ះពាល់ដោយការពឹងផ្អែកទៅលើការផ្គត់ផ្គង់​ទឹកពីស្ថានីយនេះ។ ការរំខានដល់ការផ្គត់ផ្គង់ទឹក គឺជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដោយសារតែអសមត្ថភាពក្នុងការអនុវត្ត​អនាម័យផ្ទាល់ខ្លួន និងអនាម័យសាធារណៈ ជាពិសេសនៅពេលមានការរីករាលដាលនៃជំងឺ COVID-19 ដែលតំណាងឱ្យការគំរាមកំហែងដល់សន្តិសុខសុខភាពនៅក្នុងប្រទេសស៊ីរី និងប្រទេសជិតខាង»៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)