រដ្ឋាភិបាលរុស្ស៊ីពង្រីកវិធានការជួយគាំទ្រសម្រាប់ក្រុមហ៊ុនអាជីវកម្ម

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin បាននិយាយថា រដ្ឋាភិបាលរុស្ស៊ី​នឹងបន្តតាមដានស្ថានការណ៍ពង្រីក និងកែសម្រួលបញ្ជីវិធានការនានា ដើម្បីជួយគាំទ្រដល់សហគ្រិនដែលកំពុងជួបប្រទះការលំបាក​ចំពេលដែលមានការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុស។

លោកបាននិយាយថា «យើងនឹងបន្តតាមដានការវិវឌ្ឍនៃស្ថានការណ៍ ដើម្បីពង្រីក និងកែសម្រួលបញ្ជីវិធានការនានា ដើម្បី​ជួយ​គាំទ្រដល់សហគ្រិន»។

យោងតាមនាយករដ្ឋមន្រ្តីរូបនេះបានឱ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីកំពុងចាត់វិធានការប្រចាំថ្ងៃ ដើម្បីកាត់បន្ថយផលប៉ះពាល់​អវិជ្ជមាននៃការរាតត្បាតនៃជំងឺនេះទៅលើពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្ម។ លោក Mishustin បានកត់សម្គាល់ថា នៅក្នុងលក្ខខណ្ឌ​បច្ចុប្បន្ននេះ ការសម្របសម្រួលយ៉ាងជិតស្និទ្ធនៃសាខាទាំងអស់របស់រដ្ឋាភិបាល គឺមានសារៈសំខាន់ណាស់។ លោកបានរំលឹកថា កាលពីថ្ងៃទី២៥ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានសម្តែងគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីគាំទ្រដល់ពលរដ្ឋ និងដំណើរការស្ថិរភាពនៃសេដ្ឋកិច្ច។ មិនដល់មួយថ្ងៃផង រដ្ឋាភិបាលបានចេញច្បាប់មួយចំនួនដែលពាក់ព័ន្ធ ហើយដាក់ជូនរដ្ឋ Duma ខណៈដែលតំណាងរាស្ត្របានធ្វើការងារនេះជាបន្ទាន់។

លោក Mishustin បានចង្អុលបង្ហាញអំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមមួយចំនួនដែលស្នើឡើងដោយប្រធានាធិបតីរុស្ស៊ី ជាពិសេសទាក់ទងនឹងការកាត់ពន្ធ – ការពន្យារពេល ៦ខែ នៃការបង់ពន្ធទាំងអស់ (លើកលែងពន្ធអាករលើតម្លៃបន្ថែម) សម្រាប់អាជីវកម្ម​ខ្នាតតូច និងមធ្យម ការពន្យារពេលនៃការធានារ៉ាប់រងសម្រាប់សហគ្រាសខ្នាតតូច ការផ្អាករយៈពេល ៦ខែស្តីពីការក្ស័យធន និងការស្តារ​ឡើងវិញនូវការពិន័យ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)