វៀតណាមអំពាវនាវឱ្យមានកិច្ចសន្ទនានូវដំណោះស្រាយនយោបាយរយៈពេលវែង សម្រាប់ប្រទេសស៊ីរី ចំពេលដែលមានជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ដែលជាប្រធានបេសកម្មអចិន្រ្តៃយ៍របស់​  វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ( UN ) បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បន្តស្វែងរកកិច្ចសន្ទនា នឹងស្វែងរកដំណោះ​ស្រាយនយោបាយរយៈពេលវែង សម្រាប់ស្ថានការណ៍នៅក្នុងប្រទេសស៊ីរី។

លោក Quy បាននិយាយនៅក្នុងសន្និសីទតាមវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)  ស្តីពីស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសថា ប្រទេសវៀតណាមស្វាគមន៍ការរីកចម្រើនថ្មីៗនៅក្នុងស្ថានភាពសន្តិសុខនៅភាគពាយ័ព្យនៃប្រទេសស៊ីរី។

ប៉ុន្តែទោះជាយ៉ាងណា លោកបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពមនុស្សធម៌ដែលកាន់តែមានភាពយ៉ាប់យ៉ឺនទៅនៅក្នុង​ផ្នែកជាច្រើននៃប្រទេសស៊ីរី និងសមត្ថភាពរបស់ប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ។

លោក Quy បានបង្ហាញចំណាប់អារម្មណ៍ទៅលើផែនការរបស់ UN ក្នុងការគាំទ្របន្ថែមទៀតដល់វឌ្ឍនភាពនយោបាយនៅក្នុង​ប្រទេសស៊ីរីនៅពេលនេះ នឹងបានកោតសរសើរចំពោះជំនួយដែលបានផ្តល់ឱ្យដោយអង្គការសុខភាពពិភពលោក ( WHO ) និងដៃគូមនុស្សធម៌ដទៃទៀតទៅកាន់ប្រទេសស៊ីរី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

ក្រៅពីនេះ លោកក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ធានាការដឹកជញ្ជូនទំនិញមនុស្សធម៌នៅទូទាំងតំបន់ផងដែរ។

ថ្លែងនៅក្នុងសន្និសីទនេះ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជួយសង្គ្រោះបន្ទាន់ លោក Mark Lowcock បាននិយាយថា ករណីចំនួន ១០ នៃជំងឺ COVID-19 ត្រូវបានបញ្ជាក់នៅក្នុងប្រទេសស៊ីរី ដោយក្នុងនោះមានមនុស្សម្នាក់បានស្លាប់ ហើយវីរុសនេះមានសក្តានុពលក្នុងការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សហគមន៍ងាយរងគ្រោះនៅទូទាំងប្រទេស។

រួមជាមួយគ្នានេះ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ីរី លោក Gier Pederson លោកបានរំលឹកឡើងវិញនូវ​ការអំពាវនាវឱ្យមានបទឈប់បាញ់គ្នាទូទាំងប្រទេស ដើម្បីជួយឱ្យមានកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រឆាំងនឹងការរាតត្បាត​នៃវីរុសថ្មីនេះ។

សមាជិកផ្សេងទៀតនៃ UNSC ក៏បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់រយៈពេលយូរ សម្រាប់កិច្ចខិតខំប្រឹងប្រែងនៅទូទាំង​ប្រទេស​ស៊ីរី និងចលនាទំនិញមនុស្សធម៌ដោយរលូន រួមទាំងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រនៅក្នុងប្រទេសនេះផងដែរ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)