ក្រសួងបរិស្ថានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់កុំឲ្យមានភ្លើងឆេះព្រៃនៅរដូវប្រាំងនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
MC៖ក្រសួងបរិស្ថានបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធដាក់វិធានការទប់ស្កាត់កុំឲ្យមានភ្លើងឆេះព្រៃនៅរដូវប្រាំងនេះ ដើម្បីធ្វើយ៉ាងណាការពារធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះគ្រប់ប្រភេទកុំឲ្យបាត់បង់ ។

ឯកឧត្តម នេត ភត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជាថា មកដល់ពេលនេះមន្ទីរក៏ដូចជាអាជ្ញាធរដែនដីបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនការយាមកាមនិង ចុះអប់រំដល់ប្រជាជនរស់នៅសហគមន៍ក៏ដូចជាប្រជាជនដែលប្រកបរបររកឃ្មុំសូមឲ្យចូលរួមការពារធ្វើយ៉ាងណាកុំឲ្យមានភ្លើងឆេះព្រៃដូចឆ្នាំកន្លងទៅ។

ឯកឧត្តមបានបន្តទៀតថា មន្ទីរបរិស្ថានរាធានីខេត្ត រួមជាមួយភាគីពាក់ពន្ធ័ ក៏បានរៀបចំវិធានការទុកជាមុន ធ្វើយ៉ាងណាទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃនេះ មិនឲ្យកើតឡើងបន្តទៀត ពិសេសទប់ស្កាត់មិនឲ្យអ្នករស់នៅក្នុងតំបន់ការពារធម្មជាតិនិងនៅជុំវិញតំបន់ការពារធម្មជាតិ កាប់ឆ្ការ ឈូសឆាយដុត ព្រៃឈើ និងព្រៃលិចទឹក ដោយខុសច្បាប់ឡើយ។

សំលេង«នៅក្នុងប្រទេសកម្ពុជារបស់យើងតែងតែមានកើតឡើងរហូតជារៀងរាល់នៅរដូវប្រាំង ហើយសកម្មភាព កត់សម្គាល់ឃើញថាបញ្ហាភ្លើងឆេះព្រៃ តែងតែកើតឡើង នៅក្នុងតំបន់ការពារធម្មជាតិ និងរវាងអភិរក្សជីវៈចម្រុះ នានារបស់ប្រទេសកម្ពុជា ជាពិសេសនៅរដូវប្រាំងតែម្ដង។ជាពិសេស គណៈបញ្ជាការឯកភាពខេត្ត ត្រូវយកចិត្តទុកដាក់ដោយសហការជាមួយនឹងកំលាំងពាក់ព័ន្ធផ្សេងៗនៅក្នុងខេត្តរបស់ខ្លួន ដើម្បីត្រៀមក្នុងការពន្លត់ ហើយ ការអប់រំណែនាំគឺធ្វើយ៉ាងមិចឱ្យប្រជាពលរដ្ឋកាប់ឆ្ការឬមានដីចម្ការ ជាពិសេស ដីសម្បទានសេដ្ឋកិច្ច ដែលគាត់ដាំនៅរដូវវស្សាជាដើម ឬជម្រះសម្អាតដីរបស់ពួកគាត់ ណែនាំឱ្យពួកគាត់កុំឱ្យដុតកំទេចកំទីទាំងអស់នេះពីព្រោះថា ដុតនៅក្នុងតំបន់ ដែលជាប់ជាមួយព្រៃឈើវាអាចនិងមានភ្លើង កន្លែងខ្លះយើងអត់បានធ្វើផ្លូវភ្លើងទេយើងកៀសស្លឹកឈើទាំងអស់ឲ្យដាច់ពីគ្នាគេហៅថាផ្លូវភ្លើងដើម្បីកាត់ផ្តាច់កុំឲ្យមានការឆ្លងរីករាលដាលជាដើម »។
ឯកឧត្តមបានបញ្ជាក់ថា យោងតាមទិន្នន័យផ្កាយរណប រហូតមកដល់ពេលចុងខែមីនានេះស្ថានភាពភ្លើងឆេះព្រៃធ្លាក់នៅសល់ត្រឹមប្រមាណជាង ៨០០កន្លែង នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្នុងករណីជនដែលបានប្រព្រឹត្តបទល្មើសដូចជា ការកាប់គាស់រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងការបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនានឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំនិងពិន័យប្រាក់មួយចំនួនផងដែរ។បន្ថែមថាតាមច្បាប់ការប្រព្រឹត្តបទល្មើសធនធានធម្មជាតិថ្នាក់ទី ៤ នេះត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥ លានរៀលដល់ ១៥០ លានរៀល៕