ធនាគារពិភពលោកសូមអោយ​ប្រទេសទាំងអស់នាំគ្នាចាត់វិធានការចាំបាច់ ដើម្បីបន្ធូផលប៉ះទង្គិចរបស់កូវីដ-១៩ទៅលើសេដ្ឋកិច្ច

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ធនាគារពិភពលោកផ្តល់អនុសាសន៍ដល់ប្រទេសទាំងអស់នាំគ្នាចាត់វិធានការចាំបាច់ចាប់ពីពេលនេះ ដើម្បីបន្ធូផលប៉ះទង្គិចរបស់កូវីដ-១៩ ទៅលើសេដ្ឋកិច្ច ខណៈបណ្តាញផ្គត់ផ្គង់នៅប្រទេសចិនត្រូវអាក់ខាន និងបានបង្កផលប៉ះទង្គិចទូទាំងសាកលលោកហើយនាពេលនេះ។
លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅថ្ងៃទី៣១ ខែមីនានេះ បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូឆ្លងដែនរវាងផ្នែកសាធារណៈ និងឯកជន ដើម្បីបង្កើនសម្ទុះផលិតកម្ម និងការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យ និងសេវាសំខាន់ៗ នៅក្នុងសភាពដែលមានការរាតត្បាតមេរោគនេះ និងដើម្បីធានាឲ្យមានស្ថិរភាពហិរញ្ញវត្ថុនៅពេលក្រោយមកទៀត។ ជាមួយគ្នានេះ ក៏បានស្នើឲ្យមានការបន្ធូរបន្ថយផ្នែកខ្ចីបុល ដើម្បីជួយក្រុមគ្រួសារក្នុងការកែសម្រួលទម្លាប់ទទួលទានប្រើប្រាស់របស់គេ និងជួយក្រុមហ៊ុនឲ្យនៅរស់រានឆ្លងកាត់វិបត្តិនេះ។
លោកស្រី មានប្រសាសន៍ថា សម្រាប់ប្រទេសដែលនៅក្រជាងគេ វិធានការសម្រាលបំណុលគឺសំខាន់ណាស់ ដើម្បីអាចបង្វែរធនធានចាំបាច់ទៅផ្តោតលើការគ្រប់គ្រងផលប៉ះទង្គិចរបស់ការរាតត្បាតនៃវីរុសនេះទៅលើផ្នែកសេដ្ឋកិច្ច និងសុខាភិបាល។ លោកស្រីបន្តថា មុននេះបន្តិច ប្រទេសនានានៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក កំពុងតែប្រឹងប្រែងរកវិធីសម្រាប់លៃលកជាមួយភាពតានតឹងផ្នែកពាណិជ្ជកម្មអន្តរជាតិ និងផលវិបាកពីការសាយភាយវីរុសកូវីដ-១៩នៅក្នុងប្រទេសចិន រួចទៅហើយ តែឥឡូវប្រទេសទាំងអស់នេះត្រូវប្រឈមនឹងស្ថានភាពវិបត្តិសេដ្ឋកិច្ចទូទាំងសាកលលោកទៀត។
ធនាគារពិភពលោកកំពុងតែអនុវត្តកម្មវិធីកញ្ចប់ហិរញ្ញវត្ថុចំនួន១៤ប៊ីលានដុល្លារអាមេរិក ដោយបញ្ចេញឲ្យបានឆាប់រហ័សសម្រាប់ពង្រឹងការឆ្លើយតបទៅនឹងការរាតត្បាតរបស់កូវីដ-១៩ នៅតាមប្រទេសនានា និងជួយធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចឆាប់ងើបឡើងវិញ។
វិធានការឆ្លើយតបភ្លាមៗរួមមាន ជំនួយហិរញ្ញវត្ថុ ការផ្តល់ប្រឹក្សាគោលនយោបាយ និងជំនួយបច្ចេកទេស ដល់បណ្តាប្រទេសឲ្យមានលទ្ធភាពលៃលកជាមួយផលប៉ះទង្គិចរបស់ការរាត្បាតនេះ ទៅលើសេដ្ឋកិច្ច និងសុខាភិបាល។
ដោយសារតម្រូវការជំនួយនៅតាមប្រទេសមានវិសាលភាពទូលំទូលាយ ក្រុមធនាគារពិភពលោកត្រៀមខ្លួននឹងដាក់ចេញកញ្ចប់ហិរញ្ញវត្ថុរហូតដល់ទៅ ១៦០ប៊ីលានដុល្លារ សម្រាប់រយៈពេល ១៥ខែ ដើម្បីការពារជនក្រីក្រ និងជនងាយរងគ្រោះ, ជួយជ្រោមជ្រែងដល់ធុរកិច្ច និងជួយជំរុញសេដ្ឋកិច្ចឱ្យងើបមុខឡើងវិញ នាពេលខាងមុខ៕