រដ្ឋាភិបាលបញ្ជាក់ជាថ្មីនូវឧបករណ៍ធ្វើតេស្តមេរោគដែលផលិតនៅកូរ៉េខាងត្បូង អាចនាំចេញទៅកាន់សហរដ្ឋអាមេរិក

AKP  ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ ក្រសួងការបរទេសបានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរកមេរោគឆ្លងរបស់កូរ៉េខាង​ត្បូងចំនួន ៣ ប្រភេទ អាចត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក ខណៈដែលពួកគេត្រូវបានផ្តល់លេខការអនុញ្ញាតឱ្យប្រើប្រាស់មុន ពេលអាសន្នពីរដ្ឋបាលចំណីអាហារ និងឧ៝សថសហរដ្ឋអាមេរិក (FDA)។

កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុនមិនស្គាល់ អត្តសញ្ញាណចំនួន ៣ បានទទួលការយល់ព្រមជាមុននៅក្នុងដំណើរការនៃការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ (EUA) របស់ FDA ហើយឧបករណ៍ធ្វើរោគ វិនិច្ឆ័យរបស់ពួកគេអាចត្រូវបានលក់នៅក្នុងទីផ្សារ សហរដ្ឋអាមេរិក។

ប៉ុន្តែការប្រកាសនេះបានបង្កើតភាពច្របូកច្របល់នៅពេលដែលវាមិនបានបង្ហាញថា គ្មានក្រុមហ៊ុន  ផលិតឧបករណ៍តេស្តដែល​បានដាក់ពាក្យសុំការយល់ព្រម EUA ទេ។ សារព័ត៌មានខ្លះបានចោទប្រកាន់ក្រសួងថា បានធ្វើសេចក្តីប្រកាសនេះដោយប្រញាប់​ប្រញាល់ដើម្បីបង្ហាញថា នេះជាលទ្ធផលនៃទំនាក់ទំនងការទូតរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ឆ្ពោះទៅសហរដ្ឋ​អាមេរិក។

ការប្រកាសនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក មូន បាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ហើយបានអំពាវនាវឱ្យមានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឧ៝សថអាម៉េរិកទៅលើឧបករណ៍ធ្វើតេស្តរបស់​កូរ៉េខាងត្បូង។

មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសបានប្រាប់អ្នកសារព័ត៌មានថា ​«ការយល់ព្រមជាបណ្តោះអាសន្នត្រូវបានផ្តល់ឱ្យ ខណៈដែល​រដ្ឋបាលចំណីអាហារ និងឧ៝សថអាម៉េរិកបានផ្តល់លេខអនុញ្ញាតសម្រាប់ការប្រើប្រាស់មុនពេលមានអាសន្ន»។

មន្រ្តីមួយរូបផ្សេងទៀតនៃក្រសួងនេះដែលបានដឹងអំពីបញ្ហានេះបាននិយាយថា វាមិនមានបញ្ហាអ្វីជាមួយនឹងការនាំចេញទៅកាន់​សហរដ្ឋអាមេរិកនោះទេ។

យោងតាមក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបានឱ្យដឹងថា មន្ត្រីរូបនោះបាននិយាយបន្ថែមទៀតថា រដ្ឋាភិបាលគ្រោងនឹង​ជូនដំណឹងដល់ក្រុមហ៊ុនផលិតជាផ្លូវការនូវការអនុម័ត EUA ជាបណ្តោះអាសន្ននៅពេលក្រោយ។ សេតវិមានក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តដំណើរការលទ្ធកម្មនេះ៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)