ប្រទេសវៀតណាមប្រកាសអំពីការរីករាលដាលនៃជំងឺ COVID-19 នៅទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ — នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានយល់ព្រមប្រកាសអំពីការរីករាល​ដាលនៃជំងឺ COVID-19  នៅទូទាំងប្រទេស ក្នុងពេលដែលលោកកំពុងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅទីក្រុងហាណូយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

ដោយមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺនេះ មេដឹកនាំរូបនេះបានបញ្ជាឱ្យរក្សា«ល្បឿនវេទមន្ត»ក្នុងការប្រយុទ្ធប្រឆាំង និងជំរុញឱ្យ​ចាត់វិធានការភ្លាមៗដើម្បីលុបបំបាត់ការរីករាលដាលនៃជំងឺនេះ ដោយលោកបាននិយាយថា ធនធានទាំងអស់ត្រូវតែប្រមូលផ្តុំសម្រាប់​ការ​ប្រយុទ្ធប្រឆាំងនេះ។

ដោយចង្អុលបង្ហាញអំពីចលនាដ៏ធំរបស់ប្រជាជនចំពេលដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺនេះ លោកបានស្នើសុំឱ្យ​ប្រជាជនទាំងអស់នៅក្នុងផ្ទះ និងបញ្ឈប់រាល់សេវាកម្មដែលមិនចាំបាច់។ ក្នុងពេលដំណាលគ្នានេះដែរ ទីភ្នាក់ងារនានា លើកលែងតែ​ភ្នាក់ងារសំខាន់ៗត្រូវបានណែនាំអោយបុគ្គលិករបស់ពួកគេធ្វើការពីផ្ទះមកក្នុងរយៈពេលកន្លះខែខាងមុខ។

លោកបាននិយាយថា ការឃ្លាតឆ្ងាយពីសង្គម គឺមានសារៈសំខាន់បំផុតដើម្បីការពារការរីករាលដាលជំងឺនេះនៅក្នុង​សហគមន៍។

មេដឹកនាំរូបនេះបាននិយាយថា «យើងមិនអាចធ្វើមិនដឹងមិនលឺបានទេ យើងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែនៅតាមដង​ផ្លូវនៅតែឃើញមានមនុស្សជា​ច្រើន នៅលើឆ្នេរខ្សាច់នៅតែមានប្រជាជនច្រើន ហើយនៅកន្លែងខ្លះប្រជាជននៅតែមិនគោរពតាមតម្រូវការ​ដែលមិនឱ្យមានការប្រមូល​ផ្តុំមនុស្សជាក្រុម ដែលអាកប្បកិរិយាបែបនេះបានបង្កើតនូវហានិភ័យខ្ពស់នៃការឆ្លង»។

នាយករដ្ឋមន្រ្តីរូបនេះបានសង្កត់ធ្ងន់ថា ដូច្នេះវាចាំបាច់ណាស់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រយុទ្ធប្រឆាំងនេះ ដោយ​ជំរុញឱ្យវិស័យសុខាភិបាលធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីក្រុងហាណូយ និងកម្លាំងសន្តិសុខសាធារណៈ ដើម្បីតាមដាន​ប្រជាជនដែលងាយរងគ្រោះនៃកាឆ្លងវីរុសនេះនៅក្រុមហ៊ុន Truong Sinh Co., Ltd ដែលបច្ចុប្បន្ននេះត្រូវបានគេគិតថាជាចង្កោមនៃការ​រីករាលដាល។

លោក Phuc ស្នើឱ្យបន្តអំពាវនាវដល់ប្រជាជនដែលបានទៅមន្ទីរពេទ្យ Bach Mai ដែលមានមូលដ្ឋាននៅទីក្រុងហាណូយចាប់​ពីថ្ងៃទី ១០ ខែមីនា ទៅធ្វើតេស្តរកមេរោគនេះ។

មេដឹកនាំរូបនេះបានចាត់ឱ្យក្រសួងយុត្តិធម៌ធ្វើការសិក្សា និងបញ្ជូនរបាយការណ៍ទៅនាយករដ្ឋមន្រ្តី ដើម្បីស្នើឱ្យគណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភាប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ននៅពេលមានករណីចាំបាច់។

ទាក់ទិននឹងការងារដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ដើម្បីត្រួតពិនិត្យឱ្យ​បានល្អ​នូវពលរដ្ឋវៀតណាមដែលវិលត្រឡប់ពីស្រុកកំណើត និងទៅបរទេសវិញក្នុងរយៈពេល ១៤ថ្ងៃ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)