ផ្លូវជាតិលេខ៣ សម្រេចបាន៦៧% គិតត្រឹមចុងខែមីនា

វិទ្យុជាតិកម្ពុជា លោក អ៊ឹម ភិរក្សនារីរតន: ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០៖

 ផ្លូវជាតិលេខ៣ សម្រេចបាន៦៧% ហើយ គិតត្រឹមចុងខែមីនា ដើម្បីជួយសម្រួលក្នុងការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល នឹងជួយកាត់បន្ថយការកកស្ទះគ្រោះថ្នាក់ចរាចរណ៍ នៅពេលដែលស្ថាបនារួចរាល់។

តាមគេហទំព័រហ្វេសប៊ុកផេក របស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ការស្ថាបនាផ្លូវជាតិលេខ៣នេះ មានប្រវែង១៣៤,៨២៦ គីឡូម៉ែត្រ ដែលតភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពត។ ក្រុមហ៊ុនស្ថាបនា កំពុងតែមមាញឹកដើម្បីសម្រុកឱ្យលឿនតាមផែនការកំណត់របស់ក្រសួង ស្របពេលកំណើនយានយន្តមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ក្រសួង ក៍សុំការអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នឹងអ្នកប្រកបរបបរកស៊ីនៅតាមដងផ្លូវមានការយោគយល់ពីផលប៉ះពាល់ និងការរំខាននានា។ ក្រសួង ក៏បាន ជំរុញឱ្យក្រុមហ៊ុនសាងសង់ ធ្វើការស្រោចទឹកជាប្រចាំ ជាពិសេសតំបន់ទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់ ដីហ៊ុយផងដែរ ។ ក្រសួងសាធារណការ សង្ឃឹមថា បន្ទាប់ពីការស្ថាបនាផ្លូវនេះរួចរាល់ នឹងបានរួមចំណែកដល់បងប្អូនប្រជាពលរដ្ឋ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងការធ្វើដំណើរទៅវិញទៅមកប្រកបដោយសុវត្ថិភាព ។ 

សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ៣នេះ តាមផែនការគ្រោងទុក នឹងបញ្ចប់ការស្ថាបនានៅឆ្នាំ២០២២ ខាងមុខ ៕