កម្ពុជាស្នើសុំសហរដ្ឋអាមេរិកបន្តផ្តល់ការស្នាក់នៅរបស់ពលរដ្ឋកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ៣១ ០៣ ២០២០ ៖

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានស្នើសុំការអនុគ្រោះ និងជួយសម្រួលដើម្បីឲ្យប្រជាពលរដ្ឋ និងសិស្ស-និស្សិតកម្ពុជា អាចបន្ដស្នាក់នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ដែលបានចេញផ្សាយនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានប្រាប់ឲ្យប្រជាពលរដ្ឋ និសិស្ស-និស្សិតកម្ពុជា ទាំងអស់ ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរមានសម្ថកិច្ចនៅមូលដ្ឋានដែលខ្លួនកំពុងស្នាក់នៅ ដើម្បីធ្វើការពន្យាពេលសុពលភាពស្នាក់នៅ ហើយក្នុងករណីជួបឧបសគ្គមិនអាចដោះស្រាយបាន ត្រូវទាក់ទងជាមួយស្ថានទូតដើម្បីពិភាក្សារកដំណោះស្រាយ។
ប្រភពដដែលបន្ដថា ស្ថានទូតបានសំណូមពរជាថ្មីម្ដងទៀតឲ្យប្រជាពលរដ្ឋ និងសិស្ស-និស្សិត យកចិត្តទុកដាក់ចំពោះសេចក្ដីអំពាវនាវ ឬសេចក្ដីជូនព័ត៌មាននានារបស់ស្ថានទូត ពិសេសសេចក្ដីជូនព័ត៌មានថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលកម្ពុជាបានលើកសំណើជាផ្លូវការទៅក្រសួងការបរទេសអាមេរិក ដើម្បីស្នើសុំឲ្យមានការអនុគ្រោះ និងការជួយសម្រួលដើម្បីឲ្យប្រជាពលរដ្ឋ និងសិស្ស-និស្សិត អាចបន្ដស្នាក់នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងការលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាហានីភ័យនៃការធ្វើដំណើរតាមផ្លូវអាកាស៕