ក្រសួងសុខាភិបាល មិនអនុញ្ញាតឲ្យគ្រូពេទ្យឯកជនទាំងអស់ទទួលសេវាពិនិត្យព្យាបាលជំងឺនិងធ្វើតេស្តរកមេរោគកូវីត១៩នោះទេ

វិទ្យុជាតិកម្ពុជា៖ស្រីផល 31,03,2020៖

ក្រសួងសុខាភិបាល មិនអនុញ្ញាតឲ្យគ្រូពេទ្យឯកជនទាំងអស់ ទទួលសេវាពិនិត្យព្យាបាលជំងឺ និងធ្វើតេស្តរកមេរោគកូវីត១៩នោះទេ ក្នុងករណីដែលមានអ្នកជំងឺចង់ធ្វើការពិនិត្យនិងព្យាបាល។
តាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ដើម្បីបង្ការការឆ្លងនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ត្រូវអនុវត្ត ទៅតាមគោលការណ៍ណែនាំ ដោយមិនអនុញ្ញាតឲ្យធ្វើការព្យាបាលជំងឺកូវីត១៩ និងធ្វើតេស្តរកមេរោគនៃជំងឺកូវីត១៩ នៅតាមសេវាពិនិត្យព្យាបាលឯកជន របស់ខ្លួនជាដាច់ខាត លុះត្រាតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។ ប្រសិនបើមានអ្នកជំងឺទៅពិនិត្យជំងឺនៅកន្លែងព្យាបាល របស់លោក លោកស្រី ហើយអ្នកជំងឺនោះមានរោគសញ្ញាណាមួយ ក្នុងចំណោមរោគសញ្ញាដូចជា មានគ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ,ក្អក,ហៀរសំបោរ,ឈឺបំពង់ក,ហត់ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមក ឬស្នាក់នៅក្នុងប្រទេសផ្សេងទៀតក្រៅពីប្រទេសកម្ពុជា ឬបានប៉ះពាល់ជាមួយអ្នកជំងឺកូវីត១៩ បញ្ជាក់ពីមន្ទីរពិសោធន៍ក្នុងអំឡុងពេល១៤ថ្ងៃមុនចេញរកសញ្ញា សូមលោក លោកស្រី ធ្វើការរាយការណ៍ជាបន្ទាន់ទៅកាន់ទូរសព្ទទាន់ហេតុការណ៍លេខ១១៥ ឬប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួមទាំងធ្វើការណែនាំដល់អ្នកជំងឺ ឱ្យចេះអំពីរបៀបការពារខ្លួនពីការចម្លងរោគកូវីត១៩ នឹងការចម្លងទៅអ្នកដទៃឬក្រុមគ្រួសារ។ បន្ថែមពីលើនេះលោក លោកស្រីម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវបន្តការផ្សព្វផ្សាយនិងណែនាំទៅដល់គ្រូពេទ្យ ដែលបំរើការងារនៅក្នុងកន្លែងព្យាបាលជំងឺរបស់ខ្លួន ឲ្យអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលខាងលើនេះ ឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ ។
ក្នុងករណីដែលក្រសួងសុខាភិបាល ស្រាវជ្រាវរកឃើញថាមានកន្លែងព្យាបាលជំងឺឯកជនណាមួយ មិនអនុវត្តតាមការណែនាំខាងលើនេះ ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត តាមផ្លូវច្បាប់ជាធរមាន។