ប្រទេសថៃដាក់ចេញនូវការបិទកោះភូកេត ដោយសារការភ័យខ្លាចជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ — រដ្ឋបាលកោះភូកេត ដែលជាខេត្តកោះមួយ នៃប្រទេសថៃបានហាមឃាត់ប្រជាជន និងយានយន្តមិន ឱ្យចាកចេញ និងចូលទៅតំបន់គោលដៅទេសចរណ៍ដ៏ពេញនិយមមួយនេះទេ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។

ដោយមានការឯកភាពពីគណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងប្រចាំខេត្ត អភិបាលខេត្តភូកេត លោក Pakkapong Taweepat បានបញ្ជាឱ្យបិទគ្រប់ច្រកចេញចូលទាំងអស់នៅក្នុងខេត្តនេះ លើកលែងតែការធ្វើដំណើរតាមផ្លូវអាកាស ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ៣០ ខែមីនា ឆ្នាំ​ ២០២០ រហូតដល់ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ ឬរហូតដល់មានការជូនដំណឹងបន្ថែម។

ក្រោមបទបញ្ជានេះ ប្រជាពលរដ្ឋ និងយានយន្តគ្រប់ប្រភេទ ត្រូវបានហាមឃាត់មិនឱ្យចូល និងចេញពីខេត្តតាមរយៈច្រក ទហា​ Chat Chai លើកលែងតែអ្នកដឹកជញ្ជូនម្ហូបអាហារ និងរបស់របរសំខាន់ៗដូចជាប្រេងឥន្ធនៈ សម្ភារៈសំណង់ ឧបករណ៍វេជ្ជសាស្រ្ត យានយន្តប្រតិបត្តិការជួយសង្គ្រោះ រថយន្តសង្គ្រោះបន្ទាន់ រថយន្តសម្រាប់ប្រតិបត្តិការរបស់រដ្ឋ និង និងយានយន្តដឹកការបោះពុម្ពផ្សព្វ​ផ្សាយតែប៉ុណ្ណោះ។

ការហាមឃាត់នេះក៏ត្រូវបានអនុវត្តផងដែរទៅលើប្រជាជន និងនាវាគ្រប់ប្រភេទ ពីការចូល និងចាកចេញពីខេត្តនេះតាមរយៈ​កំពង់ផែអន្តរជាតិ លើកលែងតែកប៉ាល់ដឹកទំនិញ និងការឆ្លងកាត់ផ្លូវទឹកអន្តរខេត្តតែប៉ុណ្ណោះ។

អ្នកដែលត្រូវបានលើកលែងត្រូវតែមានលិខិតបញ្ជាក់វេជ្ជសាស្រ្ត ដែលត្រូវបានចេញក្នុងរយៈពេលបីថ្ងៃកន្លងមក ហើយត្រូវតែ​គោរពយ៉ាងតឹងរឹងជាមួយនឹងវិធានការត្រួតពិនិត្យជំងឺ។

ជាមួយគ្នានេះដែរ មេបញ្ជាការកងអនុសេនាធំកងទ័ពជើងទឹកថៃ ឧត្តមសេនីយ៍ Liechai Ruddit បាននិយាយថា កងទ័ពជើងទឹកនឹងបង្កើតមន្ទីរពេទ្យនៅតាមទីវាលទំនេរដែលមានគ្រែសរុបចំនួន ១.២០០គ្រែដើម្បីព្យាបាលអ្នកជំងឺ COVID-19។

ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃរោគរាតត្បាតនេះ រដ្ឋាភិបាលថៃបានអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចមួយចំនួន ដោយក្នុងនោះ​មានកញ្ចប់ថវិកាមួយដែលមានទឹកប្រាក់ ៥០ប៊ីលានបាត (ស្មើនឹង ១,៥៣ប៊ីលានដុល្លារអាម៉េរិក) ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៥,០០០បាតសម្រាប់រយៈពេល ៣ខែដល់កម្មករតាមរដូវ នឹងអ្នកធ្វើការសម្រាប់ខ្លួនឯង។

កាលពីថ្ងៃទី ៣០ ខែមីនា ប្រទេសថៃបានរាយការណ៍អំពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៣៦ករណី ដែលធ្វើឱ្យចំនួនអ្នក​ជំងឺក្នុងប្រទេសសរុបកើនឡើងដល់ ១.៥២៤នាក់ ដោយក្នុងនោះមានអ្នកស្លាប់ ៩នាក់៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)