ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះឥទ្ធិពលខ្យល់បក់មកពីសមុទ្រចិនខាងត្បូង

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣១ ០៣ ២០២០៖

ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះឥទ្ធិពលពីជ្រលងសម្ពាធទាបលើផ្ទៃដី ជាមួយនិងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង ដែលអាចកើតមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅក្នុងសប្តាហ៍នេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបលើផ្ទៃដី ជាមួយនិងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង ។ ស្ថានភាពបែបនេះអាចធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ចន្លោះពី ១៥-១៧°C និងសីតុណ្ហភាពអតិបរមា ចន្លោះពី ៣៤-៣៧°c ។
ក្រសួងដដែលបន្តថា ចាប់ពីថ្ងៃទី២-៦ ខែមេសា បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ខណៈបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងតិច ។ ចំណែក បណ្ដាខេត្តនៅខ្ពង់រាបឦសាន អាចមានសីតុណ្ហភាពអប្បបរមា ចន្លោះពី ២៤-២៦°C និង សីតុណ្ហភាពអតិបរមា ចន្លោះពី ៣២-៣៤°C ។
ដោយឡែក ចាប់ពីថ្ងៃទី៤-៧ ខែមេសា ផ្នែកមួយចំនួន នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ខណៈឯបណ្តាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ចន្លោះពី ១៥-២៧°c និង សីតុណ្ហភាពអតិបរមា ចន្លោះពី ៣៣-៣៥°C នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ៕